ខេត្តពោធិ៍សាត់៖ មន្រ្តីខណ្ឌរដ្ឋបាលជលផល.មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកណ្ដៀង ដោយអញ្ជើញចូលរួមពីអាជ្ញាធរមានសមត្តកិច្ច សសយក និងមន្រ្តីសហគមន៍នេសាទ ចុះដាំព្រៃឈើលិចទឹក(រាំង)លើផ្ទៃទឹកលិចទឹក ដែលបានប្រជាពលរដ្ឋលួចឈូសឆាយរុករានទន្រ្ទានអាស្រ័យផល ។
ក្រុមការងារមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរស្រុកកណ្ដៀង កងកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ ចុះដាំព្រៃឈើលិចទឹក(រាំង)ខាងលើនេះ ធ្វើឡើងនាថ្ងៃព្រហស្បត្តិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចបឹងថ្លុកចក ស្ថិតនៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលបានដឹកនាំកិច្ចការងារនេះផ្ទាល់បានបញ្ជាក់ថា ព្រៃឈើលិចទឹក(រាំង)ចំនួន ៥០០០ដើម បានដាំលើផ្ទៃដីលិចទឹកប្រមាណចំនួន ៣០ហិកតា ។
លោក នាយខណ្ឌរដ្ឋបាលជលផលបញ្ជាក់បន្ថែមទៀតថា ផ្ទៃដីលិចទឹកត្រូវបានដាំដើមរាំងទឹកឡើងវិញខាងលើ ត្រូវបានភ្លើងឆាបឆេះកាលពីឆ្នាំ២០១៥ ហើយត្រូវបានប្រជាពលរដ្ឋលួចឈូសឆាយទន្រ្ទានដើម្បីអាស្រ័យផលបន្ថែម ក្នុងនោះដែរក្រុមការងារនៃមន្ទីរជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសមន្រ្តីសហគមន៍នេសាទ ជួយរក្សាការពារទាំងអស់គ្នា ព្រោះនេះជាសម្បត្តិធនធានធម្មជាតិរបស់យើងគ្រប់ៗគ្នាទេ ៕ ដោយ៖បុឹម ពិន