ជីវិតគូគ្រង ឬចំណងអាពាហ៍ពិពាហ៍ វាពិតជាសំខាន់ និងមានតម្លៃណាស់ សម្រាប់មនុស្សយើងម្នាក់ៗ មិនថាស្រី ឬប្រុសនោះឡើយ។ ដូច្នេះ មនុស្សយើង ត្រូវតែចេះសម្រេចចិត្តឱ្យបានច្បាស់ គិតឱ្យបានល្អិតល្អន់ មុននឹងដឹកដៃនរណាម្នាក់ចូលរោងការ សាងគ្រួសារមួយជាមួយគ្នា។
ការរៀបការនៅវ័យចំណាស់ ឬអាយុច្រើនពេក នាំឱ្យញាតិមិត្តជិតខាងគេចាំមើលបំណាំ និងចាំសើចចំអក ថាយើងនេះមិនមានអ្នកណាជ្រើសរើស ប៉ុន្តែការដែលយើងរៀបការនៅអាយុច្រើន វាក៏ល្អជាងការដែលយើងរៀបការនៅវ័យក្មេង ព្រោះយើងអាចយល់ដឹងពីសង្គម និងមនុស្សបានច្បាស់ ជាពិសេសគឺអាចមើលចិត្តថ្លើមដៃគូបានយូរ ការសម្រេចចិត្តរៀបការឆាប់រហ័សពេកវាមានហានិភ័យក្នុងការបែកបាក់ និងលែងលះគ្នាណាស់។
ដូចពាក្យគេថា «សុខចិត្តរៀបការវ័យច្រើនបន្តិច តែជីវិតគូបានយូរអង្វែង ល្អជាងរៀបការទាំងវ័យនៅក្មេង តែឆាប់លែងលះ» ។ ពិតណាស់ ភាគច្រើននៃការសាងជីវិតគូវ័យក្មេងពេកនៅសម័យនេះ គឺពិបាកនឹងរឹតចំណងឱ្យបានយូរអង្វែងជាមួយគ្នា ព្រោះក្មេងងាយនឹងឆេវឆាវ ចិត្តក្ដៅ មិនសូវចេះទ្រាំទ្រអត់ធ្មត់ជាមួយដៃគូនោះឡើយ មិនដូចកាលសម័យឪពុកម្ដាយយើងនៅក្មេងរៀបការអាយុតិច អ្នកខ្លះមិនទាំងស្គាល់គ្នាផង តែអាចរស់នៅជាមួយគ្នាបានដល់ពេលនេះ។ ប៉ុន្តែសម្រាប់យើងជាក្មេងៗក្នុងសម័យបច្ចុប្បន្ន គឺមានសភាពផ្លាស់ប្ដូរមិនដូចមុនទេ ក្មេងៗសម័យថ្មី ងាយឆាប់ប៉ះទង្គិច និងជះកំហឹងដាក់គ្នាណាស់ និយាយឱ្យអស់គឺ ខ្លាំងៗរៀងខ្លួន៕ដោយ៖ស សម