ព័ត៌មានទាន់ហេតុការណ៍៖

សភាអឺរ៉ុប(EP)៖ បានអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងដើម្បីប្រឆាំងវីរុសកូរ៉ូណា ឲ្យកាន់តែលឿន

ចែករំលែក៖

អន្តរជាតិ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់សភាអឺរ៉ុប (EP) ដែលទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១១ខែកក្កដាឆ្នាំ២០២០នេះថា សភាអឺរ៉ុប បានអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងដើម្បីប្រឆាំងវីរុសកូរ៉ូណា (COVID-19) ឲ្យកាន់តែលឿន។

សភាអឺរ៉ុប (EP) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ច្បាប់ថ្មីនេះនឹងលើកលែងជាបណ្តោះអាសន្ន លើវិធីសាស្ត្រ មួយចំនួនលើការសាកល្បងវ៉ាក់សាំង ដោយទទួលបានសំឡេងគាំទ្រ ៥០៥សំឡេង, ប្រឆាំង៦៧សំឡេង និងអនុប្បវាទ ១០៩សំឡេងបន្ទាប់ពីការជជែកដេញដោលជាបន្ទាន់មួយ ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីខែមិថុនាកន្លងទៅនេះ បានលើកឡើងនូវយុទ្ធសាស្ត្រថ្មី នៅក្នុងការផលិតវ៉ាក់សាំង ដោយស្នើសុំឲ្យមានការផ្អាកអនុវត្តច្បាប់ហាមឃាត់ មួយចំនួនទៅលើការធ្វើតេស្តវ៉ាក់សាំងតាមគ្លីនិក ឬក៏ព្យាបាលអ្នកជំងឺ COVID-19 តាមរយៈការកែប្រែហ្សែនលើសារពាង្គ ដោយបច្ចេកទេសវិស្វកម្ម (GMOs)

ដូច្នេះច្បាប់ថ្មីរបស់អឺរ៉ុបនេះ ត្រូវបានគេរំពឹងថា នឹងជួយសម្រួលក៏ដូចជាការកាត់ពេលវេលា ក្នុងការអភិវឌ្ឍវ៉ាក់សាំង ដើម្បីសង្គ្រោះជិវិតមនុស្សឱ្យទាន់ពេលវេលា ដោយសារតែរដ្ឋជាសមាជិកនីមួយៗនៅសហភាពអឺរ៉ុបតែងតែតម្រូវឱ្យមានការវាយតម្លៃពីហានិភ័យ នៃការព្យាបាលសាកល្បងលើឱសថ និងការតេស្តវ៉ាក់សាំងតាមវិធី GMOs ជាហេតុធ្វើឱ្យមានការពន្យារពេល លើកការធ្វើតេស្តវ៉ាក់សាំងកន្លងមកនេះ ៕ដោយ៖ស តារា


ចែករំលែក៖