អន្តរជាតិ៖ ក្នុងពេលដែលអំពើហិង្សាកើតនៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល ចំនួនពលរដ្ឋ បាត់បង់ផ្ទះសម្បែងកាន់តែច្រើន ត្រូវបានគេចាត់ទុកថាជា«ចំណីឆ្ងាញ់»របស់ក្រុមជួញដូរ ក្រលៀន។ តាមការប៉ាន់ប្រមាណមានជនភៀសខ្លួន ប្រមាណ៥លាននាក់ កំពុងក្លាយជាគោលដៅរបស់ក្រុមជនល្មើស។
យោងទៅតាមអង្គការសុច្ចរិតភាពហិរញ្ញវត្ថុសកល បានឲ្យដឹងថាការជួញដូរសរីរាង្គ(ក្រលៀន)នៅលើពិភពលោកជារៀងរាល់ឆ្នាំរកចំណូលបានប្រហែល ៦០០ លានដុល្លារ ដល់ទៅ១,២ពាន់លានដុល្លារ មុនពេលកូវីដ-១៩ កើតឡើង។
ជាមួយគ្នានេះដែរ ជនភៀសខ្លួនគឺជាបុគ្គលងាយស្រួលក្នុងការលួងលោមបំផុត ដោយសារតែជនភៀសខ្លួនស្ថិតនៅក្នុង ភាពក្រីក្រ គ្មានគោលដៅអនាគតច្បាស់លាស់ ។ កត្តាទាំងនោះហើយធ្វើឲ្យមនុស្សធ្លាក់នៅក្នុងក្តីអស់សង្ឃឹម ហើយត្រូវស្វែងរកដំណោះស្រាយជួយដល់គ្រួសារ។ទំាងនោះហើយការលួងលោមឲ្យលក់ក្រលៀនមិនមែនជារឿងពិបាកនោះឡើយ ដើម្បីទទួលបានប្រាក់ជាច្រើន អាចជួយផ្លាស់ប្តូរជីវភាពរបស់គ្រួសារ ប្រពន្ធកូន។
តាមអង្គការជនភៀសខ្លួនអន្តរជាតិ(IOM) នៅក្នុងប្រទេសស្វីស បានបញ្ជាក់ថា អង្គការនៅទទួលបានព័ត៌មានពីសកម្មភាពជួញដូរក្រលៀន តាំងពីដើមឆ្នាំ២០១៥ ហើយសកម្មភាពជួញដូរនោះជាប់ពាក់ព័ន្ធប្រទេសជិតខាង។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថានៅក្នុងប្រទេសអេហ្ស៊ីប មានករណីជួញដូរក្រលៀន និងដោះដូរក្រលៀនបានសម្រេចដល់ទៅ250.000 ករណី។ តាមរបាយការណ៍ តម្លៃលក់ក្រលៀន នីមួយៗនៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ា មានតម្លៃ ដល់ទៅ២ម៉ឺនដុល្លារ ដល់ជាង១៤ម៉ឺនដុល្លារ ៕ដោយ៖ធី រីណា