ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាឈាមស្រែកស្បែកហៅមែន!! ប្ដីយកដងពូថៅញ៉ុកមាត់ប្រពន្ធបណ្ដាលឲ្យស្លាប់​ រួចរត់គេចខ្លួនបាន២ថ្ងៃត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់បានហើយ

ចែករំលែក៖

ភ្នំពេញ៖​ ឃាតកដែលសម្លាប់ប្រពន្ធខ្លួន​ឯង រួចរត់គេចបាន២ថ្ងៃ​ ពេលនេះត្រូវកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ១​ ធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានហើយ​ នៅវេលាម៉ោង១១ព្រឹក​ ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ ។ 

    សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កែវ វណ្ណៈភេទប្រុស​ អាយុ២៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅដីឡូត៍ចំណុចកើតហេតុក្នុងភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ ។ 

    ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះភ្លាម​ សមត្ថកិច្ចបានបញ្ជូនមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានយកដងពូថៅញ៉ុកចូលមាត់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់ប្រាកដមែន​ មូលហេតុដោយរូបគេឃើញប្រពន្ធរបស់ខ្លួនមានអាការប្រកាច់ទើបគេយកស្លាបព្រាជួយគាស់គល់ថ្គាមតែដោយគាស់មិនហើបទើបរូបគេយកដងពូថៅជួយគាស់ហើយរុកញ៉ុកចូលក្នុងមាត់បណ្តាលឲ្យនាងស្លាប់តែម្ដង​ ឃើញដូច្នេះរូបគេភ័យពេកក៏បានរត់គេចខ្លួនទៅ។​ ក្រោយពេលគេចខ្លួនបានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះក៏ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបាន។

  បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលើកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។ 

    គួររំលឹកថា​ កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍​ ក្នុងភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម​ តែមិនដឹងជាករណីអ្វីនោះទេ​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមេីល​ឃេីញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ​ និងមានស្នាមឈាមតិចតួចផងដែរ​ ទេីបរាយការណ៍ប្រាប់បន្តទៅសមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ​ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង​ រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ​ ។ 

    ក្នុងហេតុការណ៍ខាងលេីនេះ​ គេមិនឃេីញបុរសជាប្ដីនៅកន្លែងកេីតហេតុនោះទេ​ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ​ ។ បន្ទាប់ពីមន្ត្រីជំនាញបានធ្វើកោសល្យវិច័យលេីសាកសពជាង២ម៉ោង​ មកទេីបដឹងថា​ ជនរងគ្រោះត្រូវ​បាន ឃាតក​ យកដងពូថៅញ៉ុកមាត់​ បណ្ដាលឲ្យស្លាប់​ និងសង្ស័យជាជំហានដំបូង​ថា ឃាតកគឺជាប្ដីជនរងគ្រោះតែម្ដង​ ។ ក្រោយមក​ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ​ ដេីម្បីបូជាតាមប្រពៃណី​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖