ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលអ្នកលក់ដូរក្នុងផ្សារវាលយន្តទាំងព្រឹកសមត្ថកិច្ចជំនាញរកឃើញសារធាតុគីមីក្នុងងៀតបបែល និងពពុះសណ្ដែកសរុប៦៥គីឡូដែលអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមអាជីវករលក់ដូរក្នុងផ្សារវាលយន្តខណះសមត្ថកិច្ចជំនាញរកឃើញសារធាតុគីមីក្នុងងៀតបបែល និងពពុះសណ្ដែកសរុប៦៥គីឡូដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិត។

ការចុះមកពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងផ្សារវាលយន្ត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារវាលយន្តនេះ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញនិងបានប្រើប្រាស់ឧបករណ៍ធ្វើTest Kitsបឋមលើម្ហូបអាហារចំនួន៤០គំរូដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។

ប្រភពបន្តបានបញ្ជាក់ថា ជាលទ្ធផលក្រោយពីការអនុវត្តន៍ការងារ មន្ត្រីជំនាញបានរកឃើញងៀតបបែល៣០គីឡូក្រាម និងពពុះសណ្ដែក៣៥គីឡូក្រាមសរុប៦៥គីឡូដែលដាក់សារធាតុគីមីបូរ៉ាក់ដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់បងប្អូនផងដែរ។

បន្ទាប់ពីមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតបំផ្លញចោលនៅពេលក្រោយបន្តទៀត។

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងចុះពិនិត្យមុខទំនិញឲ្យបានដូចភ្លៀងរលឹមដើម្បីស្វែងរកសារធាតុដែលហាមឃាត់ (សារធាតុគីមី) ។យឹម សុថាន


ចែករំលែក៖