អន្តរជាតិ៖ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសក្នុងទិវាជ័យជម្នះថ្ងៃទី១៤ខែកក្កដា ក្រោយពេលក្រុមបាតុករចាត់ទុកថា សកម្មភាពជួយដល់វិស័យសុខាភិបាលមិនទាន់គ្រប់គ្រាន់នោះឡើយ។
ការប៉ះទង្គិចគ្នាកើតឡើង ក្រោយពេលបាតុករមួយក្រុមតូច វាយប្រហារទៅលើកម្លាំងប៉ូលិសប្រឆាំងបាតុកម្ម បណ្តាលឲ្យប៉ូលិសម្នាក់រងរបួសដួលមុនពេលមិត្តរួមក្រុមមកជួយទាន់ពេល។ ក្រុមបាតុករបានចាត់ទុកថា រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាក្រុងបានបរាជ័យនៅក្នុងវិស័យសុខាភិបាល ពេលកូវីដ-១៩ផ្ទុះឡើងនៅក្នុងប្រទេសបារាំង។
បារំាងបានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រា ក្នុងឱកាសនៃទិវាជ័យជម្នះ១៤ខែកក្កដា។ នៅក្នុងពិធីដង្ហែក្បួនឆ្នាំនេះមានក្រុមគ្រូពេទ្យចូលរួមផងដែរ ដោយក្រុមគ្រូពេទ្យជាកម្លាំងជួរមុខនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ រដ្ឋាភិបាលបារាំងបានចេញច្បាប់ឲ្យមនុស្សគ្រប់រូបត្រូវតែពាក់ម៉ាស់ ពេលទៅកាន់ទីសាធារណៈ។
ប្រធានាធិបតីម៉ាក្រុង បានប្រកាសថា នៅពេលដ៏ខ្លីខាងមុខបារាំងនឹងចេញច្បាប់បង្ខំឲ្យពលរដ្ឋត្រូវតែពាក់ម៉ាស់នៅទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បើទោះបីការឆ្លងរាលដាលនៃកូវីដ-១៩នៅបារាំងបានថយចុះក្តី៕ដោយ៖ធី រីណា