ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ រួមគ្នាគាំទ្រដល់ជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់ កាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នៅទីស្ដីការក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបវិបត្តិសង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺកូវីដ-១៩។  ដើម្បីប្រយុទ្ធនិងដោះស្រាយផលប៉ះពាល់បណ្ដលមកពីវិបត្តិនេះ រាជរដ្ឋាភិបាល បានបង្កើតយន្តការ និងដាក់ចេញវិធានការជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃនេះរាជរដ្ឋាភិបាលបានបន្តកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីរួមគ្នាជួយពលរដ្ឋជាជនទេសន្តរប្រវេសន៍ក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩។

សម្ដេចបានសន្និដ្ឋានថា មកដល់ពេលនេះប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរ ដោយបានធ្វើឱ្យផលិតកម្មកសិកម្មងើបឡើងវិញនិងសកម្មភាពសេដ្ឋកិច្ចនានាមានសកម្មភាពឡើងវិញ។ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឈរលើមូលដ្ឋានអនាម័យ និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩គ្រប់ទីកន្លែង។ សម្ដេចឧបនាយករដ្ឋមន្ត្រីបានចាត់ទុកលទ្ធផលនេះ គឺជាស្នាដៃកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ និងការចូលរួមគាំទ្រពីក្រសួងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ បណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានភ្នាក់ងារអង្គការសហប្រជាតិផងដែរ។

សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានអនុម័តគម្រោងថវិកាចំនួន១លានដុល្លារអាមេរិក ដើម្បីអនុវត្តកម្មវិធីរួមគ្នាមួយរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយការពារពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងការពារការចម្លងជំងឺដល់សហគមន៍។ សម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងចូលរួមមតិយោបល់ល្អៗដើម្បីជួយឱ្យការអនុវត្តគម្រោងនេះទទួលបានលទ្ធផលល្អប្រសើ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានសម្ដែងការគាំទ្រចំពោះផែនការសកម្មភាពនេះ និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធចូលរួមគាំទ្រឱ្យបានល្អ។ សម្ដេចក៏បានស្នើឱ្យក្រុមការងារបច្ចេកទេសជាន់ខ្ពស់រវាងក្រសួងស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការឱ្យបានជិតស្និតជាមួយភ្នាក់ងារតំណាងអង្គការសហប្រជាតិ និងត្រូវប្រជុំឱ្យបានទៀងទាត់ដើម្បីតាមដានការអនុវត្តគម្រោងនេះ។

គួរកត់សំគាល់ថាក្នុងរយៈពេលជាង៣ខែ ដែលប្រទេសថៃបិទព្រំដែនជាមួយកម្ពុជា មានប្រជាពលរដ្ឋជាពលករទេសន្តរប្រវេសន៍ បានវិលត្រឡប់ប្រមាណជាជាង១០ម៉ឺននាក់ ក្នុងនោះស្ត្រីប្រមាណ៥០ភាគរយ និងកុមារ៣ភាគរយ។ នេះបើតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលបានលើកោឡើងអង្គប្រជុំនេះ។

នាឱកាសនោះដែរ លោកស្រី ផូលីន ថាម៉េស៊ីស ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ សម្រាប់ការប្ដេជ្ញាចិត្ត និងការដឹកនាំក្នុងការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ជនទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ ក្នុងនាមជាក្រុមងាយរងគ្រោះមួយដ៏សំខាន់ ដែលរងផលប៉ះពាល់ពីការរាត្បាតនៃជំងឺកូវីដ១៩។

ក្នុងនាមតំណាងអង្គការសហប្រជាជាតិ លោកស្រី រួមទាំងបណ្ដាតំណាងអង្គការអន្តរជាតិនានារបស់អង្គការសហប្រជាជាតិ បានបង្ហាញការពេញចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីជួយសម្រួលការលំបាករបស់ពលរដ្ឋជាពលករទេសន្តរប្រវេសន៍ និងពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត​។

សូមជម្រាប់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដោយបានបែងចែកក្រុមការងារប្រតិបត្តិការចំនួនពីរដើម្បីទប់ទល់នឹងវិបត្តិជំងឺឆ្លងសាកលនេះ គឺទី១ ក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់ និងទី២ ក្រុមការងារប្រតិបត្តិការអប់រំបណ្ដុះបណ្ដាល និងអប់រំសាធារណៈ។ ក្នុងស្ថានភាពប្រឈមនេះ រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារចំពោះកិច្ចចំនួន៤ទៀត រួមមាន៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ, ក្រុមការងារចំពោះកិច្ចគ្រប់គ្រងយន្តការជំនួយសង្គម, ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា និងជំនួយសង្គម, ក្រុមការងារបចច្ចេកទេសចម្រុះចំពោះកិច្ចដើម្បីគ្រប់គ្រងរៀបចំដាក់ចេញនូវកញ្ចប់ថវិកាខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩ ៕ ដោយ៖ហេង សូរិយា


ចែករំលែក៖