ភ្នំពេញ ៖ បុរស៣នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រឡប់មកពីខេត្តព្រៃវែងវិញ ក្នុងល្បឿនយ៉ាងលឿន ដោយអកុសលក៏បានបុកជាមួយរថយន្តសាំយ៉ុងដែលធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់២នាក់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពបុរសរងគ្រោះទី១មានឈ្មោះសោម វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ឃុំ អង្គររាជ្រ ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង ។ ឯសពបុរសរងគ្រោះទី២ មិនស្គាល់ឈ្មោះនោះទេ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1R-8990 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ពីព្រៃវែងមកភ្នំពេញ (ទិសដៅពីកេីតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី បានវ៉ាជែងរថយន្តមិនចាំម៉ាកមួយគ្រឿង ទៅខាងធ្វេងដៃរួចក៏ចូលគន្លងម្ខាងទៀត ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក សាំយ៉ុង (ប្រភេទរថយន្តដឹកបន្លែ ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1947 ធ្វេីដំណេីរតាមផ្លូជាតិលេខ១ ទិសដៅពីភ្នំពេញ ទៅព្រៃវែង ក្នុងល្បឿនលឿនដូចគ្នា ពីលិចទៅកេីត ក៏បានបុកចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យម៉ូតូប៉ើងខ្ទាតអូសនឹងថ្នល់ប្រហែល៥០ម៉ែត្រ ខ្ទេចទាំងរថយន្តនិងម៉ូតូមេីលលេងចង់យល់ ព្រមទាំងធ្វេីឲ្យបុរសពីរនាក់(ម្នាក់ជាអ្នកឌុបនិងអ្នកជិះកណ្ដាល)បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអណោចអាធ័ម ចំណែកឯអ្នករួមដំណេីរពីក្រោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនគ្រោះទាំង២នាក់ត្រូវបាន សមត្ថកិច្ចធ្វេីកំណត់ហេតុ រួច ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ៖ ភារ៉ា ដង្កោ