ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអស្ចារ្យណាស់ឆ្មា​មួយ​ក្បាល​នៅ​តួ​ក​គី ពាំ​កូន​ដែលមាន​ជំងឺ​ចូលក្នុង​មន្ទីរពេទ្យ​

ចែករំលែក៖

បរទេស៖ អ្នកស្រឡាញ់ឆ្មាពិតជា​មិន​ខុស​នោះឡើយ ព្រោះវាជាស​ត្វ​ដែលមាន​ភាពស្មោះត្រង់​ចំពោះ​ម្ចាស់ ហើយ​វា​ក៏មាន​ក្តី​ស្រឡាញ់ និង​យកចិត្តទុកដាក់​លើ​អាយុជីវិត​កូន​របស់វាផងដែរ​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ អ្នកជំងឺ​ម្នា​ក់នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​អុីស្តង់​ប៊ុល ប្រទេស​តួ​ក​គី បាន​ថត​ពី​ទិដ្ឋភាព​ឆ្មា​ញី​មួយ​ក្បាល​ចូលក្នុង​អគារ​ត្រួតពិនិត្យ​អ្នកជំងឺ​។​

​រូបភាព​ដែល​ថត​បានដោយ​ស្ត្រី​អ្នកជំងឺ​ឈ្មោះ Merve Ozcan តាមរយៈ​ទូរ​ស័ព្ទ​ដៃ ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម Twitter និង Facebook ដោយ​ទទួលបាន​វិជ្ជមាន​ជាច្រើនទាក់ទង​នឹង​ទង្វើ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ឆ្មា​ញី​មួយ​ក្បាល​នោះ​។ ចូលក្នុង​បរិវេណ​មន្ទីរពេទ្យ ឆ្មា​មេបានដាក់​កូន​នៅមុខ​បន្ទប់សង្គ្រោះបន្ទាន់​។ ក្រោយមក បុគ្គលិក​មន្ទីរពេទ្យ​បាន​យក​កូន​ឆ្មា​នោះ​ទៅពិនិត្យ​។​
​តាម​ការផ្សាយ​របស់​សារព័ត៌មាន CNEWSបានឱ្យដឹងថា បុគ្គលិក​មន្ទីរពេទ្យ​មើលឃើញថាកូន​ឆ្មា​ពិតជា​មាន​ជំងឺ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ស្ថានភាព​នៃ​ជំងឺ​នោះ​ឲ្យ​បាន​ច្បាស់​នោះឡើយ​។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ​បានរៀបចំ​នំចំណី និង​ទឹកដោះគោ​យក ឲ្យ​ឆ្មា​ទាំងពីរ​ស៊ីនិង​ផឹក​។ ការយកចិត្តទុកដាក់​របស់​បុគ្គលិក​ពេទ្យ ក៏​ទទួលបាន​នូវ​ការគោរព​តាមរយៈ​ការបញ្ចេញ​យោបល់​ផ្សេងៗ​នៅលើ​បណ្តាញ​សង្គម​ផងដែរ​។​
​ក្រោយ​ឲ្យ​សត្វ​ឆ្មា​ស៊ី និង​ផឹក​ឆ្អែត​ហើយ ក្រុមគ្រូពេទ្យបាន​បញ្ជូន​ឆ្មា​ទាំងនោះទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យសត្វ​បន្តទៀត​។ ដោយ​មិនបាន​បញ្ជាក់​ពី​ប្រភព​របស់​ឆ្មា​ទាំងនោះ សារព័ត៌មាន Metro បាន​អះអាងថា មេ​ឆ្មា​មិន​ចាកចេញ​ទៅណា​ឆ្ងាយ​ពី​កូន​ខ្លួន​នោះឡើយ ខណៈ​គ្រូពេទ្យ​កំពុង​ពិនិត្យ​។ បច្ចុប្បន្ន ទាំង​មេ និង​កូន ឆ្មាសុទ្ធ​តែមាន​ស្ថានភាព​ធម្មតា​៕ដោយ៖ស សម


ចែករំលែក៖