ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋងាយរងគ្រោះដោយបញ្ហាជំងឺកូវីដ-១៩ដែលមានបណ្ណសមធម៌

ចែករំលែក៖

     ខេត្តព្រះសីហនុ៖ នៅសាលាឃុំរាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ  និងលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក ជាមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋងាយរងគ្រោះដោយបញ្ហាជំងឺកូវីដ-១៩ ដែលទទួលបានបណ្ណសមធម៌ក្រ-១ ចំនួន៧៣គ្រួសារ និងបណ្ណក្រ-២ចំនួន១២គ្រួសារ ក្នងនោះមានប្រជាការពារ២៥នាក់នៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសជួបជុំសំណេះសំណាលនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះដោយបញ្ហាជំងឺ កូវីដ-១៩នោះប្រជាពលរដ្ឋដែលទទួលបានបណ្ណសមធម៌ ក្រ-១ ចំនួន ៧៣គ្រួសារ មកពី៤ភូមិ និងប្រជាការពារ២៥នាក់ ក្នុងនោះប្រជាពលរដ្ឋមកពីភូមិថ្មធំ ១៧គ្រួសារ, ភូមិស្មាច់ដែង១៥គ្រួសារ, ភូមិរាម១៦គ្រួសារនិងភូមិអុង២៥គ្រួសារ ។

លោក លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលងាយរងផលប៉ះពាល់នឹងកូវីដ-១៩ ព្រមទាំងបានថ្លែងអំណរគុណលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលតែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រដែលងាយរងផលប៉ះពាល់កូវីដ-១៩ ស្របតាមគោលនយោបាយចែករំលែករបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយបញ្ចេញសាច់ប្រាក់ជួយរំលែកការលំបាករបស់ប្រជាពលរដ្ឋរងផលប៉ះពាល់នឹងជំងឺ កូវីដ-១៩ ។លោកបានបន្តឲ្យដឹងទៀតថា ដោយសារ ជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ដោយឡែកសំណាងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការច្បាស់លាស់ក្នុងការការពារ បង្ការ ទប់ស្កាត់បានទាន់ពេលវេលា មិនបណ្តាលឱ្យមានអ្នកជំងឺ Covid-19ណាម្នាក់ស្លាប់នោះទេ ម្យ៉ាងទៀតជំងឺ Covid-19បាននាំចូលមកពីក្រៅប្រទេស ។

          លោកបានបន្តថា អង្គការសុខភាពពិភពលោកទទួលស្គាល់កម្ពុជាបានអនុវត្តវិធានការសុខាភិបាលបានល្អ ។ម្យ៉ាងទៀតជំងឺកូវីដ-១៩ មិនទាន់រកថ្នាំព្យាបាលឬវ៉ាក់សាំងចាក់ការពារបានទេ យើងត្រូវតែបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល កុំឱ្យជំងឺនេះឆ្លងមកក្រុមគ្រួសារ និងសហគមន៍នៅក្នុងខេត្តយើង ។ 

លោកលូ គឹមឈន់ បានធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋត្រូវទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេស ក៏ដូចជាការគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ មិនមានការឆ្លងចូលមកសហគមន៍។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវតែចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល លាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់។  ទន្ទឹមនោះចូលរួមការងារបង្កបង្កើនផល (កសិកម្ម) ដូចជាការដាំបន្លែ ផ្លែឈើក្នុងគ្រួសារ ដើម្បីផ្គត់ផ្គង់បង្កើនជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ ឡើង។

ក្នុងឱកាសនោះ លោក ហេង សុវណ្ណា សមាជិកក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកព្រៃនប់ ក៍បានជួយឧបត្ថម្ភសម្លៀកបំពាក់ដល់ប្រជាការពារឃុំរាម ចំនួន ២៥នាក់ ក្នុងម្នាក់ទទួលបានខោអាវមួយកំប្លេ (អាវមួយ ខោ១ មួក១) និងថវិកាក្នងម្នាក់ៗចំនួន៥ម៉ឺនរៀលនិងបានឧបត្ថម្ភ Computer ១គ្រឿងដល់មូលដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដើម្បីទុកប្រើប្រាស់តាមតម្រូវការផងដែរ ។ តាមការបង្ហើបឲ្យដឹងពីលោក ហេង សុវណ្ណា កន្លងមកលោក តែងតែនាំយកអំណោយមនុស្សធម៌មកចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាមិនមានទីពឹង និងប្រជាពលរដ្ឋដែលងាយរងផលប៉ះពាល់លើជីវភាពរស់នៅដោយសារជំងឺកូវីដ-១៩ នៅក្នុងស្រុកព្រៃនប់ ជាបន្តបន្ទាប់ មានដូចជា ឃុំទឹកល្អក់ ឃុំសាមគ្គី ឃុំរាម និងមានឃុំដទែទៀតផងដែរ ។ 

    លោកហេង សុវណ្ណាបានបញ្ជាក់ឲ្យដឹងថា អំណោយដែលត្រូវយកមកចែកជូនប្រជាពលរដ្ឋតាមពេលវេលាខាងលើ នៅក្នុងសាលាឃុំរាមចំពោះប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ក្រ-១ មានចំនួន ៧៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម ក្រមា១ ជាអំណោយលោកឧត្តមនាវីឯក អ៊ុក សីហា អនុប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់។ ដោយឡែកលោក លូ គឹម ឈន់ បានឧបត្ថម្ភថវិកា ជូនប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ក្រ២ ចំនួន១២គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀលផងដែរដើម្បីដោះស្រាយជីវភាពខណៈដែលពិភពលោកកំពុងរាតត្បាតដោយជម្ងឺCovid-19 ៕ ឆ្លាម សមុទ្រ

               

 

 


ចែករំលែក៖