ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់មនុស្សប្រុសស្រី៦នាក់ករណីនេសាទត្រីខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញបានឃាត់មុខសញ្ញាជនសង្ស័យប្រុសស្រី៦នាក់ដែលនេសាទត្រីខុសច្បាប់ ដកហូតស្បៃមុង ប្រវែង៣០ម៉ែត្រ អាគុយ និងអាំងវែរទ័រឆក់ត្រីមួយគ្រឿង ទូកមួយគ្រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ នៅទំនប់អាងទឹកដូនទយ ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ។

សមត្ថកិច្ចជំនាញបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ៖

ទី១-រាជ ភារម្យ ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទ៍,ទី២-ឈ្មោះ ចាប ម៉ូ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត, ទី៣-ឈ្មោះ ពៅ សុផា ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា, ទី៤-ឈ្មោះ ថន សាម៉េត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា,

ទី៥-ឈ្មោះ រាម រ៉ា ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទ៍ និងទី៦-ឈ្មោះ រាម រី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទ៍ ព្រមទាំងចាប់យកវត្ថុតាងរួមមាន ស្បៃមុងប្រវែង ៣០ម៉ែត្រ អាគុយ និងអាំងវែរទ័រឆក់ត្រីមួយគ្រឿង ទូក១គ្រឿង ។

ប្រភពបន្តថា លោក សួស សារិទ្ធ  អភិបាលរងស្រុកចន្ទ្រា តំណាងលោក អភិបាលស្រុកបានដឹកនាំកងកម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក មន្ត្រីសាលាស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃគគីរ និងឃុំច្រេស ចុះសហការជាមួយលោក នូ សារី នាយរងខណ្ឌរដ្ឋបាលជលខេត្តស្វាយរៀងបានចុះហាមឃាត់មុខសញ្ញានេសាទត្រីខុសច្បាប់នៅទំនប់អាងទឹកដូនទយ ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា និងឃាត់មុខសញ្ញាមានប្រុសស្រីចំនួន៦នាក់ និងសម្ភារយកទៅប្រគល់ជូនជំនាញរដ្ឋបាលជលផលខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖