អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Netanyahu ត្រូវបានតុលាការបើកសវនាការកាត់ទោសជាថ្មីពីបទពុករលួយ ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល អុីស្រាអែលកំពុងប្រឈមវិបត្តិអត់ការងារធ្វើ និង ការឆ្លងរាលដាលកូវីដ-១៩។
នៅថ្ងៃទី១៩ខែកក្កដាតុលាការស្រុកJerusalem ប្រទេសអុីស្រាអែលបាន បើកសវនាការកាត់ទោស ជាថ្មីក្រោយរយៈពេល២ខែបានផ្អាក។ ការបើកសវនាការកើតឡើងក្នុងពេលមានបាតុកម្មជាច្រើន កើតឡើងពាក់ព័ន្ធនិងអំពើពុករលួយ របស់នាយករដ្ឋមន្ត្រី។
នៅក្នុងសវនាការ នាយករដ្ឋមន្ត្រី Netanyahu មិនបានចូលទៅកាន់តុលាការនោះឡើយ។ កាលពីខែវិច្ឆការឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី Netanyahuត្រូវបានចោទប្រកាន់ទោសពីបទពុករលួយ គេងបន្លំ និង រំលោភទំនុកចិត្ត។ ប៉ុន្តែនៅក្នុងសវនាការនាពេលកន្លងមក នាយករដ្ឋមន្ត្រី បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ។
អុីស្រាអែលត្រូវបាន គេដឹងថាជាប្រទេសដែលទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប៉ុន្តែ ប្រទេសនេះ បែរជាត្រូវទទួលរងការឆ្លងយ៉ាងខ្លាំង ជាលើកទីពីរ ។ ជាមួយគ្នានេះពលរដ្ឋអត់ការងារធ្វើកើនឡើងខ្ពស់។
ទាំងនោះហើយបានជាពលរដ្ឋនាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃទី១៨ខែកក្កដា បង្ខំឲ្យកម្លាំងត្រូវបាញ់ទឹកដើម្បីបំបែកហ្វូងបាតុកម្ម៕ដោយ៖ធី រីណា