ភ្នំពេញ ៖លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រាល់អ្នកដែលល្មើសនឹងវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល នឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន។
លោកស្រីវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “សម្រាប់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ គឺចាំបាច់បំផុតត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ដែលរស់នៅ និងចូលមកកម្ពុជា។ ខ្ញុំសូមបញ្ជាក់ផងដែរថា ប្រសិនបើមិនប្រតិបត្តិតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឫរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនា ឫអចេតនាក្តី នឹងត្រូវទទួលទោស ឫទទួលការផាកពិន័យ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា ដូចជាអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ជាដើម។”
គួររម្លឹកថា មានការជ្រួលច្របល់មួយ ក្នុងពេលថ្មីៗនេះ បន្ទាប់ពីស្ត្រីជនជាតិខ្មែរ-អាមេរិកម្នាក់ បានរត់គេចខ្លួនពីកន្លែងចត្តាឡីស័ក ហើយបានទៅពួនសំងំនៅសណ្ឋាគារមួយ នៅខេត្តកំពង់ចាម នឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះរកឃើញ ហើយក៏ចាប់ផ្តើមបន្តអនុវត្តវិធានការចត្តាឡីស័កនៅខេត្តកំពង់ចាមតែម្តង ហើយសំណាករបស់ស្រ្តីរូបនេះ ត្រូវបានក្រុមឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាល បានយកទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានជាតិប៉ាស្ទ័រ រួចរាល់ដែរ ដោយរងចាំតែលទ្ធផលប៉ុណ្ណោះ។ ចំពោះពាក់ព័ន្ធនឹងការផាកពិន័យ និងទទួលទោសបែបណាចំពោះស្ត្រីរូបនេះ ទីពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ដោយត្រូវរងចាំវិធានចត្តាឡីស័ករួចរាល់សិន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០ បានបង្ហាញថា មានករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៣នាក់ថ្មីទៀត ធ្វើឱ្យករណីព្យាបាលជាសះស្បើយសរុប ចំនួន១៣៦នាក់ និងកំពុងសម្រាកព្យាបាលមាន ចំនួន៣៥នាក់៕ដោយ៖ហេង សូរិយា