ខេត្តស្វាយរៀង៖ រថយន្តដឹកប្រេងឥន្ធនៈ (ក្រុមហ៊ុនកម្ពុជាតេលា)បានបើកគេចជង្ហុកមានទឹកជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ មឿន សុខា អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K-៥៩០៩ ខូចខាតយ៉ាងដំណំ។
អ្នករបួសម្នាក់ទៀតឈ្មោះភាព កិ អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១E- ៦៦៤៣។
ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះឃឹម សុភ័ក្ស អាយុ ៣៤ ឆ្នាំ មុខរបរតៃកុងរថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនកម្ពុជាតេលា សាខាទីរួមខេត្តស្វាយរៀង ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកSHACMAN H៣០០០ ពណ៌ស ទម្ងន់សរុប ២៥,០០ តោន ពាក់ស្លាកលេខខាងមុខ ភ្នំពេញ ៣E-៦៥១៤ និងស្លាកលេខខាងក្រោយ ភ្នំពេញ ៤A – ២៦៤១ដោយធ្វើដំណើរពីត្បូងទៅជើង ហើយបានបើកគេចជង្ហុកមានទឹកក៏បានជ្រុលចង្កូតទៅបុកម៉ូតូ ទាំង២គ្រឿងដែលបើកបញ្ច្រាសគ្នាពេញទំហឹងទើបបង្កការភ្ញាក់ផ្អើលតែម្តង។
អ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីដោះស្រាយពេលក្រោយ ៕
ដោយ៖យឹម សុថាន