ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅក្នុងពិធីមង្គលការ​នៅប្រទេសនីហ្សេរីយ៉ា ស្លាប់​២១នាក់​

ចែករំលែក៖

​អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានមនុស្ស​២១នាក់ស្លាប់​និង២៨នាក់រងរបួស​ជាទម្ងន់​ក្រោយពីខ្មាន់កាំភ្លើងមួយក្រុមបាញ់ប្រហារទៅលើពិធីរៀបមង្គលការក្នុងភូមិ Kukum Daji ស្រុក Kaura រដ្ឋ Daduna ​ស្ថិតនៅភាគខាងត្បូង នៃប្រទេសនីហ្សេរីយ៉ា។
លោក ​Yashen Titus មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ​ខ្មាន់កាំភ្លើងសង្ស័យថាជាអ្នកគង្វាលសត្វចិញ្ចឹម​​ ជាអ្នកវាយប្រហារទៅលើពិធីរៀបការ ​នៅវេលាម៉ោង​២២ ថ្ងៃទី ២០ ខែកក្កដា (ពេលវេលាក្នុងតំបន់)។
លោក ​Yashen Titus បានបន្តទៀតថា មានមនុស្ស​១៩នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្ស​២នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។​ អ្នករងរបួសបានបញ្ជូននៅកាន់មន្ទីរពេទ្យBarau Dikko ។
ជាច្រើនទសវត្សរ៍កន្លងមក​ ប្រទេសនីហ្សេរីយ៉ា មានភាពល្បីល្បាញពីអំពើហិង្សា ការសម្លាប់មនុស្សជាច្រើនដែលបង្កឡើងដោយក្រុមសហគមន៍អ៊ិស្លាម Fulani ជាអ្នក​ចិញ្ចឹមសត្វ ជាមួយនឹង ​សហគមន៍អ្នកកសិករ កាន់សាសនាគ្រិឹស្ត ជាជនជាតិ​​ Tarok ​​។​ វិវាទ​រវាងក្រុមសហគមន៍ទាំងពីរ គឺពាក់ព័ន្ធនឹងដីធ្លី ​ពិសេស​គឺអ្នកចិញ្ចឹមសត្វឲ្យទៅស៊ីដំណាំរបស់កសិករ​ ហើយកសិករ​វាយប្រហារទៅលើសត្វទាំងនោះ​​ជាហេតុធ្វើឲ្យវិវាទកើតមានមិនចេះចប់នោះឡើយ។
រដ្ឋាភិបាលបានខិតខំផ្សះផ្សាវិវាទជាតិសាសន៍ ​ដោយបានបញ្ជូនកម្លាំងទាហានជាច្រើនទៅការពារសន្តិសុខនៅទីនោះ ។ ប៉ុន្តែមិនអាចការពារបានឡើយ​ដោយការវាយប្រហារ គឺជាការលួចឆ្មក់​ពិបាកការពារ​៕៕ដោយ៖ធី រីណា


ចែករំលែក៖