ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះទុកចោលមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅម៉ោង ៧នឹង៥០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅចំណុចស្តុបបូកគោ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករហើយផ្ទះរបស់គាត់បានទុកចោលយូហើយដោយគ្មានមនុស្សនៅទេ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឈរសម្រួលចរាចរណ៍នៅត្រង់ចំណុចស្តុបបូកគោ ក៏ឃើញមានផ្សែងហ៊ុយៗចេញពីទីតាំងផ្ទះទុកចោលភ្លាមៗនោះ រូបគាត់បានស្រែកហៅតាមវិទ្យុទាក់ទង ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញអគ្គិភ័យ ចុះមកអន្តរាគមន៍ជួយពន្លត់។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុនឹងបានវាយសោទ្វារដែរម្ចាស់ទុកចោលដើម្បីចូលអន្តរាគមន៍បាញ់ទឹកពន្លត់ទីតាំងដែលកំពុងឆេះនោះ។ ជាក់ស្តែង នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញយើងបានគ្រប់គ្រងអគ្គិភ័យនេះបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ក្នុងនោះប្រើប្រាស់អស់ទឹកចំនួន ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប នៅក្នុងហេតុការណ៍នោះ មានមន្ត្រីអគ្គិភ័យម្នាក់បានរងរបួសជើង ដោយសារតែប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើផងដែរ។
ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញយើងបានអន្តរាគមន៍ឲ្យរលត់ទៅវិញនៅវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃដដែល និងបានខូចខាតសំភារៈមួយចំនួន ឆេះឯកសារសំភារៈទុកចោលមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ៕ជ្រោយពេជ្រ