ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកលឿនវ៉ាស្តាំបុកម៉ូតូយុវជនម្នាក់ពីក្រោយពេញទំហឹងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនិងព្យាបាលខណៈដែលជិះម៉ូតូម្នាក់ឯងត្រូវរថយន្តមិនស្គាល់ម៉ាកបើកលឿនវ៉ាខាងស្តាំរួចហើយបុកពីក្រោយពេញទំហឹង។ ក្រោយបង្កហេតុរួចតៃកុងរថយន្តបានបន្ថែមល្បឿនរត់គេចបាត់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩-៤០ ក្នុងភូមិស្លា ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការឱ្យដឹងពីកន្លែងកើតហេតុថា គេបានឃើញយុវជនខាងលើជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AR.8940តែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកលឿនវ៉ារថយន្តមួយគ្រឿងទៀតខាងស្ដាំជ្រុលទៅបុកម៉ូតូយុវជនខាងលើ ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ធ្ងរ(បាក់ដៃ៣កំណាត់)។ ក្រោយបង្កហេតុរួច តៃកុងរថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

យុវជនរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាមានអាយុប្រហែល៣០ឆ្នាំ ពាក់អាវពណ៌ក្រហមដៃវែង ស្លៀកខោខូវប៊យជើងវែង។ក្រោយកើតហេតុ នគរបាលហៅរថយន្តសាមុយដឹកយកទៅព្យាបាលនិងសង្គ្រោះនៅឯមន្ទីរពេទ្យ។ នគរបាលបានធ្វើការអំពាវនាវដល់សាច់ញាតិដែលមានសមាជិកមានភិនភាគដូចខាងលើ មកទំនាក់ទំនងនគរបាលស្រុកសំរោងទងរាល់ម៉ោងធ្វើការ៕

ដោយ៖សេនាស័ក្តិ


ចែករំលែក៖