អន្តរជាតិ៖ បើយោងតាមការវិភាគរបស់ វិទ្យាស្ថានវារីអគ្គិសនីព័ត៌មានវិទ្យា(HII) ក្រោមក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងច្នៃប្រឌិតថ្មីរបស់ថៃបានបញ្ជាក់ថា ប្រទេសថៃ កំពុងប្រឈមនឹងកង្វះខាតទឹក ដោយសាររដូវវស្សាឆ្នាំនេះនឹងមានរយៈពេលខ្លីជាងពេលធម្មតា ដែលអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កសិដ្ឋានរបស់កសិករផងដែរ ។
លោក Sutat Veesaku នាយកវិទ្យាស្ថាន HII បាននិយាយនៅថ្ងៃទី ១៩ខែកក្កដាថ្មីៗនេះថា នឹងមានភ្លៀងតិចជាងឆ្នាំមុន ដែលនឹងប៉ះពាល់ដល់ទឹកបម្រុងនៅទូទាំងប្រទេស។ ដោយលោកបានកត់សម្គាល់ថា រដូវវស្សាបច្ចុប្បន្នដែលបានមកដល់យឺតជាងឆ្នាំមុនៗ ហើយត្រូវបានគេព្យាករណ៍ថា នឹងបញ្ចប់នៅខែកញ្ញាខាងមុខនេះ ដែលមានន័យថាមិនមានទឹកភ្លៀងគ្រប់គ្រាន់ដើម្បីបំពេញអាងស្តុកទឹកនៅទូទាំងប្រទេសទេ។
ទន្ទឹមនឹងនេះដែរ ផលប៉ះពាល់នៃខ្យល់មូសុងខ្លី អាចត្រូវបានគេមើលឃើញថាទំនប់ និងអាងស្តុកទឹកចំនួន ២៥ នៅទូទាំងប្រទេសថៃ នឹងអាចផ្ទុកទឹកបានតិចជាង ៣០% នៃអាំងផ្ទុកទឹកសរុប។ លោក Sutat បាននិយាយថា កង្វល់នៃការខ្វះខាតទឹកគឺជិតមកដល់ហើយ ចាប់ពីខែវិច្ឆិកាឆ្នាំនេះដល់ខែឧសភា ឆ្នាំក្រោយ ទឹកប្រហែល ១២ ពាន់លានម៉ែត្រគូបនឹងត្រូវការសម្រាប់បំពេញតម្រូវការក្នុងកសិដ្ឋាន និងគ្រួសារនៅក្នុងតំបន់៕ដោយ៖ស តារា