អន្តរជាតិ៖ ភាពតានតឹងនៅក្នុងទំនាក់ទំនងការបរទេសរវាង ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនកាន់តែតានតឹងខ្លាំងឡើងក្រោយពេល អាមេរិកស្នើឲ្យបិទទ្វារស្ថានកុងស៊ុលរបស់ចិននៅក្នុងទីក្រុង Houston។
សារព័ត៌មាន រ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានពីប្រទេសចិន បានឲ្យដឹងថា ចិនបានត្រៀមវាយបកទៅលើអាមេរិកវិញដោយ បិទស្ថានកុងស៊ុលអាមេរិកនៅទីក្រុងវូហាន ប្រទេសចិនផងដែរ ។ សកម្មភាពខាងលើ នឹងធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀត។ ទីក្រុងប៉េកាំងបានចាត់ទុកសកម្មភាពខាងលើរបស់អាមេរិកគឺជាសកម្មភាពឌឺដងបំពានច្បាប់អន្តរជាតិ។
ក្រោយប៉ុន្មានម៉ោងដែលអាមេរិក ស្នើឲ្យបិទទ្វារស្ថានកុងស៊ុល ចិនបានស្នើដល់ក្រុមនិស្សិតចិន ដែលកំពុងសិក្សានៅអាមេរិកត្រូវតែប្រុងប្រយ័ត្ន អាចប្រឈមនិងបញ្ហា ជាច្រើន ។ តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានបញ្ជាក់ថាសកម្មភាព ខាងលើរបស់អាមេរិក គឺសំដៅទៅលើក្រុមនិស្សិតចិន កំពុងសិក្សានៅអាមេរិក អាចរងគំនាបខ្លាំង។
វិវាទរវាងអាមេរិក និងចិន កាន់តែខ្លាំងឡើងលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ចនយោបាយ យោធា កិច្ចការបរទេស។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការវិវាទកើតចេញ ពីការរីកចម្រើនរបស់ចិន ធ្វើឲ្យអាមេរិកភ័យ ខ្លាចបាត់បង់មហាអំណាចទីមួយលើពិភពលោក ទើប អាមេរិក រកគ្រប់មធ្យោបាយ កាត់បន្ថយឥទ្ធិពល និងការរីកចម្រើនរបស់ចិន៕ ដោយ៖ធីរីណា