ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាប៖ ចុះផ្អាកទីតាំងខារ៉ាអូខេ ចំនួន៣កន្លែងទាំងយប់ ក្រោយលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តសៀមរាប៖ ទីតាំងហាងខារ៉ាអូខេ (KTV) ចំនួន៣កន្លែងដែលបានលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប ចុះផ្អាកទាំងយប់

យោងតាមប្រភពព័ត៌មានពីក្រុមការងារមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចទីតាំងទាំង ៣កន្លែងនោះរួមមាន៖ខារ៉ាអូខេយីហោម៉ាយ វ៉យ My Voice KTV”, ខារ៉ាអូខេយីហោពន្លឺគ្រួសារ Ponleu Krousar KTV”, ខារ៉ាអូខេយីហោសំនៀងគ្រួសារSamnieng Krousar KTV” ដែលមានទីតាំងស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ប្រភពដដែរបន្តថា បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច ឃើញថាទីតាំងទាំងអស់នោះ មិនមានច្បាប់អនុញ្ញាតអាជីវកម្ម និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាបក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រោយប្រតិបត្តិការក្រុមការងារចម្រុះ បានធ្វើកំណត់ហេតុ និងណែនាំឱ្យម្ចាស់អាជីវកម្មឲ្យផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវហើយរង់ចាំការណែនាំរបស់ រាជរដ្ឋាភិបាលសារជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ៕ដោយ៖ស តារា


ចែករំលែក៖