ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់កុំព្យួទ័រយួរដៃ ១គ្រឿង ជូនយុវជន កែវ ពន្លឺ ជាអតីតសិស្សឆ្នើមនិទ្ទេស A

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់កុំព្យួទ័រយួរដៃ ១គ្រឿង ជូនយុវជន កែវ ពន្លឺ ជាអតីតសិស្សឆ្នើមនិទ្ទេស A ក្នុងឆ្នាំ២០១៩ បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្នុងពេលប្រគល់អំណោយនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងកោតសរសើរចំពោះ យុវជន កែវ ពន្លឺ ដែលជាកូនអ្នកកសិករក្រីក្រ បានខិតខំប្រឹងប្រែងតស៊ូរៀនសូត្រក្លាយជាសិស្សពូកែប្រចាំវិទ្យាល័យ។ ទន្ទឹមនឹងនេះ លោកស្រី បានលើកទឹកចិត្តដល់ យុវជន កែវ ពន្លឺ ត្រូវបន្តខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីអនាគតភ្លឺស្វាង ក្លាយជាធនធានមនុស្សរបស់សង្គមជាតិ និងជួយលើកស្ទួយជីវភាពគ្រួសាររបស់ឪពុកម្តាយ។

យុវជន កែវ ពន្លឺ បានសំដែងក្តីរំភើបឥតឧបមាដោយទទួលបានការគិតគូរ និងលើកទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ព្រមទាំងបានប្តេជ្ញាចិត្តថា ខ្លួននឹងតបស្នងសងគុណតាមរយៈការខិតខំរៀនសូត្រឱ្យពូកែ ធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ៕

ដោយ៖សិលា


ចែករំលែក៖