ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបានជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្នុងចំណោមគ្នា៣នាក់ក្រោយពេលធ្វើសកម្មភាពគាស់ទ្វារហាងអ៊ុតសក់មួយកន្លែង កាលពីយប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០។

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅក្បែរវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យមានគ្នា ៣នាក់បានធ្វើសកម្មភាពគាស់ទ្វារហាងអ៊ុតសក់របស់មន្ត្រីខណ្ឌទួលគោកម្នាក់ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក លួចបានវិទ្យុទាក់ទងហៅថា( ID) មួយគ្រឿង រួចក៏ចេញពីកន្លែងកើតហេតុវិញ។

លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យ៣នាក់ខាងលើបានយកវិទ្យុទាក់ទងដែលខ្លួនលួចបានទៅលក់ឱ្យសមត្ថកិច្ច ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឱ្យចុះបង្ក្រាប រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់នៅក្បែរវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់១ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានបន្ថែមទៀតថា ជនសង្ស័យ២នាក់ខាងលើត្រូវបានបញ្ជូនខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីសួរនាំនិងស្រាវជ្រាវរកបក្ខពួកបន្ថែម ៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖