ភ្នំពេញ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចចូលទៅក្នុងអគារអាផាតមិនមួយកន្លែង ដើម្បីលួចគាស់យកទូរទស្សន៍បានចំនួន១១គ្រឿងនិង ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ។
កម្លាំងនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងជំនាញ សហការជាមួយលោកចៅសង្កាត់ទួលទំពូងទី១ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់បន្តបន្ទាប់ និងដកហូតសម្ភារមួយចំនួននាព្រឹកថ្ងៃទី២៨ ខែ កក្ដដា ឆ្នាំ ២០២០នៅចំណុចផ្ទះសំណាក់១កន្លែងផ្លូវ៤៧៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ផន អូន អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះក្នុងករណីគាស់អាផាតមិននៅម៉ោង០០និង៣០នាទីថ្ងៃទី២៧ ខែ កក្ដដា ឆ្នាំ២០២០ បាត់ទូរទស្សន៍១១គ្រឿង នៅអាផាតមិនផ្លូវ១៣៥ កែង ៤៦៨ ក្រុម៥ ភូមិ១សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ លុះដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២០ នៅម៉ោង១០ព្រឹក កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍បឹងត្របែក និងប៉ុស្តិ៍ទួលទំពូងទី១ រួមនិងលោកចៅសង្កាត់ ចុះស្រាវជ្រាវ ធ្វើរដ្ឋបាលនៅតំបន់ដីឡូតិ៍ទំនេ ផ្លូវលេខ៤៧២ សង្កាត់ទួលទំពូងទី១និងសង្កាត់បឹងត្របែក ឈានដល់ការឃាត់បានជនសង្ស័យចំនួន២នាក់នាំមកសាកសួររហូតតាមឃាត់ បាន៤នាក់ទៀតសរុប៦នាក់ ក្នុងនោ
មាន៖ទី១-ឈ្មោះ ចាន់ នី ភេទប្រុស អាយុ ២០ ឆ្នាំ ,ទី២-ឈ្មោះ ហ៊ុយ ធាវីភេទប្រុស អាយុ ២៩ឆ្នាំ ,ទី៣-ឈ្មោះ ស៊ន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ,ទី៤-ឈ្មោះ គុជ ដែត ភេទប្រុស អាយុ ៣០ឆ្នាំ , ទី៥-ឈ្មោះ ផាត ដារិទ្ឋភេទប្រុស អាយុ ៣៣ឆ្នាំ, ទី៦-ឈ្មោះ ឡុង ចាន់ណារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ។
ដោយជនសង្ស័យទាំង៦នាក់នេះ មានមុខរបរជាអ្នករើសអេតចាយ ស្នាក់នៅសង្កាត់ទួលទំពូងទី១ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ ។ជនសង្ស័យទាំង៦នាក់នេះ ឃាត់ខ្លួននៅក្នុងដីឡូតិ៍គេទុកចោល ស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
កម្លាំងនគរបាល បានបញ្ជាក់ថា ករណីខាងលើនេះ ឃាត់៤នាក់មិនពាក់ព័ន្ធករណីគាស់អាផាតមិននោះទេ ប៉ុន្តែពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូលទៅមណ្ឌលឱកាសខ្ញុំ ។ ចំណែក២នាក់ទៀតជាប់ពាក់ព័ន្ធគាស់អាផាតមិនលួចសម្ភារ ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖ជីណា