ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះនគរបាលផ្កាយ១ក្រសួងមហាផ្ទៃផ្អេីលទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះលោកឧត្តមសេនីយ៍ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានអ្នកភូមិរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងព្រមទាំងរថយន្តពន្លត់អគ្គិភ័យជួយពន្លត់ទាន់ពេល ហើយផ្ទះនោះបានរងការខូចខាតគ្រឿងក្នុងនិងសម្ភារៈប្រើប្រាស់មួយចំនួន។

ផ្ទះដែលត្រូវភ្លើងឆេះនោះមានទំហំទទឹង១០ម៉ែត្រ និងបណ្ដោយប្រវែង១៥ម៉ែត្រ សាងសង់ពីថ្ម និងមានម្ចាស់ឈ្មោះ រ៉យ ធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជាឧត្តមសេនីយ៍ត្រីនគរបាលក្រសួងមហាផ្ទៃ ហើយកាលពីឆ្នាំ២០១៩ផ្ទះនេះក៏ធ្លាប់ត្រូវបានអគ្គិភ័យឆេះម្ដងរួចមកហើយតែពន្លត់ទាន់ដូចជាពេលនេះដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមិនបាននៅផ្ទះនោះទេ ដោយនៅព្រឹកថ្ងៃកើតហេតុលោក ឧត្តមសេនីយ៍ត្រីបានចេញទៅធ្វើការ រីឯក្រុមគ្រួសារក៏មានរវល់ចេញក្រៅដែរ ដោយពួកគាត់បានបិទទ្វារចាក់សោទុកចោល។ លុះដល់វេលាកើតហេតុស្រាប់តែមានផ្សែងហុយចេញក្រៅខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពេលនោះប្រជាពលរដ្ឋបាននាំគ្នាចេញទៅជួយពន្លត់ ហើយក៏មានការជួយធ្វើអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងដែលស្ថិតនៅជិតនោះផងដែរ។

ប្រភពដដែលបានបន្តថា ពេលនោះដោយសារតែផ្ទះនេះជាប់សោហើយភ្លើងឆេះនៅខាងក្នុង ទើបសមត្ថកិច្ចខលទៅប្រាប់លោកឧត្តមសេនីយ៍ត្រីដើម្បីសុំវាយបំបែកកញ្ចក់ទ្វារនិងបង្អួចព្រមទាំងកាត់ផ្ដាច់សោដើម្បីជះទឹកពន្លត់រហូតរលត់ទៅវិញទាំងស្រុងដោយមានការជួយអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង ហើយផ្ទះនោះមិនត្រូវបានភ្លើងឆេះទាំងស្រុងទេ ប៉ុន្តែផ្នែកខាងក្នុងផ្ទះបានរងការខូចខាតខ្លះៗ រីឯសម្ភារៈប្រើប្រាស់មួយចំនួនក៏បានរងការខូចខាតផងដែរ៕ដោយ​ ៖សុខាសែនជ័យ


ចែករំលែក៖