ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី​វៀតណាម គ្រប់​ខេត្ត និង​ក្រុង​របស់​វៀតណាម​ទាំងអស់ កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​កម្រិត​ខ្ពស់​នៃ​ការឆ្លង​COVID-19

ចែករំលែក៖

អន្តរជាតិ៖ លោក ង្វៀន ស៊ួហ្វុ នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងនៅថ្ងៃទី២៩ ខែកក្កដានេះថា ស្ថានភាព COVID-19 នៅវៀតណាមក្នុងពេលនេះ គឺខុសពីស្ថានភាព​COVID-19 ដែលផ្ទុះឡើងនៅវៀតណាមកាលពីដើមឆ្នាំ ហើយគ្រប់ខេត្ត និងក្រុងរបស់វៀតណាមទាំងអស់ កំពុងស្ថិតក្នុងគ្រោះថ្នាក់កម្រិតខ្ពស់នៃការឆ្លងជំងឺមួយនេះ

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ និយាយថា ដោយមើលឃើញពីករណីឆ្លងក្នុងស្រុកហក់ឡើងខ្ពស់ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ស៊ួហ្វុ  បានប្រាប់មន្ត្រីរបស់ខ្លួនឲ្យចាត់វិធានការឲ្យលឿននិងខ្លាំងបំផុត ដើម្បីទប់ស្កាត់ការរាតត្បាត ករណីឆ្លងនៅដាណា បានធ្វើឲ្យគ្រប់ខេត្តក្រុងវៀតណាមទាំងអស់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់ប្រមុខរដ្ឋាភិបាលវៀតណា បានលើកឡើងបែបនេះ ដោយបន្ថែមថា រលកឆ្លងថ្មីនេះ គឺខុសពីអ្វីដែលបានកើតឡើងកាលពីដើមឆ្នាំ

ទាក់ទិននឹងករណីផ្ទុះ COVID-19 ថ្មីនេះ ប្រមុខរដ្ឋាភិបាលវៀតណា បានអំពាវនាវឲ្យប្រជាជនទាំងអស់ ប្រុងប្រយ័ត្ន និងរក្សាអនាម័យឲ្យបានខ្ពស់ដើម្បីបង្ការ COVID-19 ចំណែកនៅទីក្រុងហាណូយឯណោះវិញ ករណីឆ្លង​COVID-19 ក៏មានហានិភ័យខ្ពស់ដែរ នាព្រឹកថ្ងៃទី២៩ ខែកក្កដាអាជ្ញាធរវៀតណាម បានរកឃើញករណីសង្ស័យនៃ COVID-19 មួយនៅភោជនីយដ្ឋានភីហ្សាមួយកន្លែងក្នុងរដ្ឋធានីដែលពាក់ព័ន្ធអ្នកទើបមកពីដាណា បន្ទាប់ពីរកឃើញករណីសង្ស័យនេះ អាជ្ញាធរបានបិទភោជនីយដ្ឋាននិងបាញ់ថ្នាំសម្លាប់វីរុស ចំណែកតំបន់ជនសង្ស័យផ្ទុក COVID-19 នេះរស់នៅ ក៏ត្រូវបានអាជ្ញាធររឹតត្បិតការធ្វើដំណើរដែរ

សូមជម្រាបថា ទីក្រុងហាណូយ បានទទួលប្រជាជនដែលជម្លៀសពីដាណាវិញម្លោះពី១៥០០០នាក់ដល់២០០០០នាក់ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយ បានអំពាវនាវឲ្យប្រជាជន ដែលត្រលប់មកពីដាណាចាប់ពីថ្ងៃទី ខែកក្កដាដាក់ត្តាឡីស័កខ្លួនឯង និងរាយការណ៍ប្រាប់អាជ្ញាធរពីសកម្មភាពរបស់ខ្លួន

លើសពីនេះទៅទៀតរដ្ឋាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឲ្យនាយកដ្ឋានសុខាភិបាលក្រុងហាណូយ ត្រៀមសម្ភារក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយកូរ៉ូណាវីរុសឲ្យបានរួចរាល់

គួរបញ្ជាក់ថា ករណីឆ្លង COVID-19 នៅក្នុងទីក្រុងដាណា និងតំបន់ជិតខាង កំពុងធ្វើឲ្យរដ្ឋាភិបាលវៀតណាមឈឺក្បាលយ៉ាងខ្លាំងមកទល់ពេលនេះ ដាណា មានករណីឆ្លង COVID-19 សរុបចំនួន ២៩ករណី  រដ្ឋាភិបាលវៀតណាម បានចេញវិធានការមួយចំនួន ដូចជាបិទជើងហោះហើរចេញចូលក្រុងដាណាទាំងអស់ និងហាមការធ្វើដំណើរនៅក្នុងទីក្រុងលើកលែងតែករណីចាំបាច់ប៉ុណ្ណោះ

បច្ចុប្បន្ន អាជ្ញាធរវៀតណាម បានអះអាងថា ករណីឆ្លង​COVID-19 នៅក្នុងទីក្រុងដាណា គឺមានពាក់ព័ន្ធនឹងមន្ទីរពេទ្យបីកន្លែងនៅក្នុងក្រុងដាណាលើសពីនេះ អាជ្ញាធរវៀតណាម ក៏បានសង្ស័យលើ ជនអន្តោប្រវេសន៍ខុសច្បាប់មកពីចិនផងដែរ ថា អាចចម្លងកូរ៉ូណាវីរុសនៅពេលនេះដែរ

បើគិតមកត្រឹមពេលនេះ វៀតណាមមានករណី COVID-19 សរុបចំនួន៤៤៦ករណី មិនមានអ្នកស្លាប់ និងអ្នកជាសះស្បើយមានចំនួន ៣៦៩នាក់ដោយ៖ស តារា


ចែករំលែក៖