ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​ ចាត់ទុកម្ចាស់គណនីហ្វេស​ប៊ុកម្នាក់នៅក្រៅប្រទេសមានចេតនា​បង្កាច់បង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ននគរបាលជាតិ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសច្រានចោលដំណឹងមិនពិតដែល

អ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនង​សង្គម​ប្រេីប្រាស់បង្ហោះខ្វះការពិចារណា ពុំមានមូលដ្ឋាន និងការស៊ើបអង្កេតបញ្ជាក់ឲ្យ​បានច្បាស់លាស់​ មានបំណងធ្វេីឱ្យសង្គមចលាចល​ ។ 

ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​បានបេីកការស្រាវជ្រាវរកឃេីញ​ ថា​ ​រូបភាពនោះគឺជារូបចាស់ដែលត្រូវ​បានគេបង្ហោះក្នុងបណ្តាញសង្គមហ្វេស​ប៊ុកកាលពី៤ឆ្នាំ​មុន​ បុរសនោះ មានឈ្មោះ ហែន ហិះ រស់នៅខេត្តត្បូងឃ្មុំ តែមិនមែនជាមន្ត្រីក្របខ័ណ្ឌនគរបាល​នោះទេ។

 យោងតាមការបញ្ជាក់ពីក្រុមគ្រសាររបស់គាត់បានឲ្យដឹងថា បុរសឈ្មោះ ហែន ហិះ នេះមានសតិមិនគ្រប់ (វិកលចរិត) មិនអាចធ្វើការងារអ្វីបានក្រៅពីការអង្គុយសុំទានតាមទីសាធារណៈនោះទេ រីឯឯកសណ្ឋាននគរបាលនោះគឺទទួលបានពីអតីតនគរបាលម្នាក់ដែលបាន​ទទួលមរណភាព។

 ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានផ្ដល់ជាថវិកា និងសម្លៀកបំពាក់មួយចំនួនដល់បុរសឈ្មោះ ហែន ហិះ និងបានសុំដកយកឯកសណ្ឋាននគរបាលមករក្សាទុក​ចៀសវាងប្រើប្រាស់ខុសនីតិវិធីច្បាប់តទៅទៀត​ ។ 

ករណីនេះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវស្វែងរកប្រភពនៃដំណឹងក្លែងក្លាយនេះ និងបានរកឃើញថា ម្ចាស់គណនីហ្វេសប៊ុកដែលបានបំភ្លៃព័ត៌មាននោះកំពុងរស់នៅឯក្រៅប្រទេស មាន​និន្នាការបម្រើឲ្យនយោបាយប្រឆាំងរាជរដ្ឋាភិបាល ។

ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​ សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គមចៀសវាងការធ្វើអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាព​សកម្មភាពបំផ្លើសការណ៍ពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម បង្កចលាចល ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ និងក៏អាចប្រឈម​ចំពោះមុខច្បាប់ជាធរមាន​ដែរ ៕

ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖