ភ្នំពេញ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ នគរបាលខណ្ឌសែនសុខនឹងបញ្ជូនជនជាតិចិនជាជនសង្ស័យ២នាក់ករណីធ្វើទារុណកម្ម ចាប់ជំរិតទារប្រាក់ពីជនជាតិចិន៣នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ នេះបើតាមការបង្ហើបឱ្យដឹងរបស់សមត្ថកិច្ច ។
ជនសង្ស័យទាំង២នាក់នោះម្នាក់មានឈ្មោះ JIANG LIANG អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ DENG ZHONGHENG អាយុ២៨ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ HE LANG អាយុ២១ឆ្នាំ, ឈ្មោះ YANG XUELIN អាយុ៣០ឆ្នាំ និង ឈ្មោះ LISHIJIE អាយុ១៨ឆ្នាំ ។
សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះវីឡាលេខ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ៕ ដោយ៖ចេស្តា