អន្តរជាតិ៖ បន្ទាប់ពីអង្គការជនជាតិវីហ្គ័រពិភពលោក បានចោទប្រកាន់រដ្ឋាភិបាលចិនថា បានរំលោភសិទ្ធិ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនវីហ្គ័រនៅស៊ីនជាំងនោះ ។ ស្រាប់តែថ្មីៗនេះ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២០ អង្គការតំណាងជនជាតិភាគតិចមូស្លីមវីហ្គ័រ បានស្នើគណៈកម្មកាអូឡាំពិកអន្តរជាតិ (IOC) ពិចារណាជាថ្មី ជុំវិញក្នុងការផ្ដល់សិទ្ធិឲ្យក្រុងប៉េកាំងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២ ។
សម្រាប់ទិន្នន័យពីក្រុមការពារសិទ្ធិមនុស្ស និងអ្នកជំនាញ បង្ហាញថា មនុស្សជាងមួយលាននាក់មានជនជាតិវីហ្គ័រ និងជនភាគតិចផ្សេងទៀតត្រូវឃុំខ្លួននៅជំរំប្រឆាំងគំនិតជ្រុលនិយម ខណៈពីរលាននាក់ទៀតត្រូវបញ្ជូនទៅកាន់មន្ទីរកែប្រែដើម្បីសិក្សាទ្រឹស្តីនយោបាយ។
ជុំវិញការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សនេះដែរ រដ្ឋាភិបាលចិន ក៏បានទាត់ចោលរបាយការណ៍របស់អ្នកជំនាញដែលរកឃើញថា មានការឃុំខ្លួនមនុស្សមួយលាននាក់នៅតំបន់ស្វយ័តស៊ីនជាំង។ ប៉ុន្តែបើទោះជាទាត់ចោលរបាយការណ៍មែន តែមន្ត្រីចិនទទួលស្គាល់ថា មានមនុស្សខ្លះពិតជាបានឆ្លងកាត់ជំរំកែប្រែឡើងវិញមែន ព្រោះពួកគេរងឥទ្ធិពលជ្រុលនិយម។
សូមជម្រាបថា នៅក្នុងលិខិតចំហមួយដែលផ្ញើទៅកាន់លោក Thomas Bach ប្រធាន IOC សមាជវីហ្គ័រពិភពលោក (WUC) ដែលជាអង្គការមានមូលដ្ឋានទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ទាក់ទងនឹងករណីខាងលើនេះពួកគេបានចោទប្រកាន់រដ្ឋាភិបាលចិន ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការធ្វើទារុណកម្មប្រឆាំងនឹងជនជាតិវីហ្គ័រ និងជនភាគតិច Turk ដទៃទៀតនៅក្នុងខេត្តស៊ីនជាំង។
ដោយឡែកប្រធាន WUC លោក Dolkun Isa បានរៀបរាប់ក្នុងលិខិតដែលមានចុះហត្ថលេខាថា៖« យើងមានការខកចិត្តយ៉ាងខ្លាំងដែលIOC មិនបានដោះស្រាយស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិនចាប់តាំងពីផ្តល់សិទ្ធិឲ្យក្រុងប៉េកាំងធ្វើម្ចាស់ផ្ទះអូឡាំពិករដូវរងារឆ្នាំ២០២២»។
លោកប្រធាន WUC បានបន្ថែមក្នុងលិខិតនោះទៀតថា ជាការព្រួយបារម្ភយ៉ាងខ្លាំងដែល IOC ក្នុងនាមជាស្ថាប័នអន្តរជាតិមួយ និងថែមទាំងមានក្រមសីលធម៌ដ៏រឹងមាំ បែជាខកខានមិនទទួលស្គាល់ការរំលោភសិទ្ធិមនុស្សរបស់ចិនតាមរយៈឧក្រិដ្ឋកម្មលើជនជាតិវីហ្គ័រ ក៏ដូចជានៅក្នុងប្រទេសចិន។
យ៉ាងណាក៏ដោយ បន្ទាប់ពីមានការអះអាងរបស់ WUC ដូច្នេះ អ្នកនាំពាក្យIOC បានឆ្លើយតបវិញថា អង្គភាពរបស់ខ្លួនមួយនេះនៅតែមានអព្យាក្រឹតលើបញ្ហានយោបាយពិភពលោក។
«សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារក្នុងក្រុងប៉េកាំង ឆ្នាំ ២០២២គណៈកម្មការវាយតម្លៃ IOC បានពិភាក្សាជាមួយអង្គការក្រៅរដ្ឋាភិបាលឯករាជ្យទាក់ទងនឹងបញ្ហាមួយចំនួនរួមទាំងសិទ្ធិមនុស្សរួចហើយ»។ នេះជាការរៀបរាប់បន្ថែមរបស់អ្នកនាំពាក្យ។
បច្ចុប្បន្នបក្សកុម្មុយនិស្តចិន (CCP) ដែលកំពុងកាន់អំណាចក្នុងប្រទេសចិនសព្វថ្ងៃបានរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិជុំវិញបទចោទការបង្ក្រាបជនជាតិភាគតិចមូស្លីមវីហ្គ័រ នៅតំបន់ស្វយ័តស៊ីនជាំង។ ចំណែកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២ខាងមុខនេះ ដែលគ្រោងធ្វើឡើងក្នុងក្រុងប៉េកាំង ប្រទេសចិន នឹងចាប់ផ្តើមដំណើរការប្រកួតផ្លូវការ ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២៕ដោយ៖ស តារា