អន្តរជាតិ៖ នៅថ្ងៃទី១ ខែសីហានេះ ប្រទេសវៀតណាម បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 មួយនាក់ទៀតនៅក្រុងដាណាង។ដែលចំនួនអ្នកស្លាប់កើនឡើងសរុប ៣នាក់ ខណៈករណីឆ្លងមានចំនួន៥៥៨ករណី។
តាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម បានចេញផ្សាយមុននេះបន្តិច និយាយថឋ ស្ត្រីជនជាតិវៀតណាម វ័យ៦៨ ឆ្នាំ បានស្លាប់ដោយសារCOVID-19 បន្ទាប់ពីឆ្លងកូរ៉ូណាវីរុសបានរយៈពេល ២ថ្ងៃប៉ុណ្ណោះ ។ ខណៈដែលស្ត្រីរូបនេះ ក៏មានជំងឺមហារីកឈាមលើសឈាម ទឹកនោមផ្អែម ភ្ជាប់មកជាមួយផងដែរ។
បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាល អ្នកជំងឺទី៤៩៩ នេះ គឺចេញរោគសញ្ញានៅថ្ងៃទី២៧ ខែកក្កដាកន្លងទៅនេះ ហើយក្រោយមកត្រូវគេធ្វើតេស្តរកឃើញមានផ្ទុកCOVID-19។
ក្រសួងសុខាភិបាលវៀតណាម ក៏បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១ខែសីហានេះ ប្រទេសវៀតណាម មានអ្នកស្លាប់សរុបដោយសារCOVID-19ចំនួន ៣នាក់ ខណៈអ្នកជំងឺចំនួន ១៨នាក់ផ្សេងទៀត ដែលជាមនុស្សចាស់និងមានជំងឺរ៉ាំរ៉ៃ កំពុងស្នាក់នៅមន្ទីរពេទ្យ និងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
បច្ចុប្បន្ន វៀតណាមមានករណីសរុបចំនួន ៥៥៨ករណី និងមានអ្នកជាសះស្បើយចំនួន ៣៧៣នាក់៕ដោយ៖ស តារា