ខេត្តកណ្តាល៖ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនមេអាប៉ោងប្រចាំឃុំវិហារសួគ៌ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ទទួលផលចោរកម្ម» តាមមាត្រា៣៩៩និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការទិញម៉ូតូចោរជាច្រើនគ្រឿង ។
ជនត្រូវចោទរូបនេះ ឈ្មោះ គឹមឡេង សល់ អាយុ៤០ឆ្នាំ ត្រូវបានសមត្ថកិច្ចចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បើតាមប្រភពព័ត៌មានពីប្រពន្ធម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូឈ្មោះ វ៉ា ថារី បានប្រាប់ឲ្យដឹងថា គ្រួសាររបស់គាត់បានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយ មិនដែលមានច្បាប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បាប់។
ម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនោះគឺជាម៉ូតូដែលជនទុច្ចរិតកាច់កនិងលួចគេយកមកបញ្ចាំ ព្រោះថាគ្រាប់សោម៉ូតូមានសភាពបែកខ្ទេចនិងមានសភាពមិនប្រក្រតីជាច្រើន។
ពលរដ្ឋបានលួចបង្ហើបប្រាប់ថា ឈ្មោះ គឹមឡេង សល់ នេះ គឺជាមេអាប៉ោងដ៏ធំប្រចាំនៅឃុំវិហារសួគ៌ទៀតផង និងបានលួចបើកទទួលបញ្ចាំម៉ូតូយូរយារណាស់មកហើយ មិនមានអាជ្ញាធរឃុំស្រុកណាចុះបង្ក្រាបនោះទេ ៕ដោយ៖ ឆ ដា