ខេត្តកណ្ដាល៖ បន្ទាប់ពីតំណាងអយ្យការ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទគំរាមកំហែងហែកកេរ្តិ៍ ដែលបទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២,៣៧៣នៃក្រមព្រហ្មទណ្ឌ។
លោក ថោងផល្លារង្សី ចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា៖ ជនត្រូវចោទរូបនេះ បានយកវីដេអូ និងរូបថតអាក្រាតកាយ របស់អតីតគូដណ្ដឹងទៅចែកចាយឲ្យម្ដាយមីង មិត្តភក្តិនិងបងប្អូនរបស់នារីរងគ្រោះបានដឹងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី ស្ថិតក្នុងភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនត្រូវចោទខាងលើមានឈ្មោះ អ៊ាក សុីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ លក់ដូរ បានប្រើប្រាស់អាខោនFacebook ចំនួន២ (ឈ្មោះ Oun Naa មិនមានដាក់រូបភាពលើProfile និងឈ្មោះ Sim Amm) រីឯនារីរងគ្រោះមានអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅ ភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាងអ៊ុតសក់។ ជនត្រូវចោទនេះមានដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៣១៤២ដ.ក.ព.ឃ.ខ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ចុះហត្ថលេខាដោយលោកថោង ផល្លារង្សី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល តាមតំណាងអយ្យការចោទប្រកាន់ពីបទគំរាមកំហែងហែកកេរ្តិ៍ ដែលបទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២,៣៧៣នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា ជនត្រូវចោទ និងនារីរងគ្រោះបានស្រលាញ់គ្នា៣ខែមកហើយ និងភ្ជាប់ពាក្យជាមួយគ្នាបាន១ខែក៏ផ្ដាច់ពាក្យវិញ រហូតមកដល់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ មានអាខោន Facebookដាក់(ឈ្មោះOun Naa ) បានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ដែលជារូបអាក្រាតថតជាវីដេអូ ធ្លាប់បានផ្ញើទៅឲ្យអតីតគូដណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ាក សុីម ប្រើអាខោន ឈ្មោះ Sim Amm តែម្នាក់គត់ ។ ប៉ុន្តែមានអាខោនឈ្មោះ Oun Naa ដែលជនរងគ្រោះមិនស្គាល់បែរជាយករូបថតនោះផ្ញើចែកចាយឲ្យមីងរបស់ជនរងគ្រោះ ឈ្មោះគឹម ហ័ង(អាក់ខោនFacebook ឈ្មោះ ហ័ងប៊ីយូធីសាឡន) ,មិត្តភក្តិឈ្មោះ Na Ry , ឈ្មោះ Mo Ly , ឈ្មោះ ling Black និងប្អូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ Pa Neang ។ លុះមកដល់ថ្ងៃទី៣១ ខែឆ្នាំដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង សូមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។ លទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតតាមចម្លើយសារភាពរបស់ឈ្មោះ អ៊ាក ស៊ីម បានឲ្យដឹងថា៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៊ីម ភេទប្រុស អាយុ១៩ឆ្នាំ បានស្រឡាញ់គ្នាជាមួយជនរងគ្រោះបានរយៈពេល៣ខែ និងដេកនៅជាមួយគ្នា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាបានប្រហែល១ខែ ក៏បានផ្តាច់ពាក្យវិញ ។រហូតមកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៊ីម បានបង្កើតអាខោនហ្វេសប៊ុកថ្មីមួយដាក់ (ឈ្មោះ Oun Naa ) ក្នុងគោលបំណងដើម្បីផ្ញើរូបភាពអាក្រាតកាយជាវីដេអូទៅជនរងគ្រោះ (អតីតគូដណ្តឹង)មើល ប៉ុន្តែដោយសារជនរងគ្រោះមិនមានទូរស័ព្ទលេងហ្វេសប៊ុកទើបផ្ញើរូបនោះទៅមីងរបស់ជនរងគ្រោះ ដែលមានអាខោនហ្វេសប៊ុក(ឈ្មោះ ហ័ងប៊ីយូធីសាឡន) ,មិត្តភក្តិប្រើអាក់ខោនហ្វេស
ប៊ុក(ឈ្មោះ Na Ry ) និងអាខោន(ឈ្មោះ Peng Pos)ដែលធ្វើការជាមួយជនរងគ្រោះមើល និងថែមទាំងប្រើពាក្យគំរាមថាចង់ល្បីម្តងទៀតមែន។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានដាក់ពន្ធនាគារខេត្តកណ្ដាលជាបណ្ដោះអាសន្ន៕ដោយ៖ស្អាង ជ័យ