ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណៈកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះ

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់​ខណៈកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ត្រូវបានម្ចាស់ផ្ទះមកទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី២ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី.នៅចំណុចផ្ទះឈ្មោះ ជីម សុខរិទ្ធ ស្ថិតក្នុងភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ចាប់ខ្លួនបានម្នាក់ឈ្មោះ ឈន ឌីជីវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល.រីឯម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ លីត ភេទប្រុស អាយុ២០ឆ្នាំ  ។ ចំណែកជនរងគ្រោះឈ្មោះ ជីម សុខរិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក ទីលំនៅភូមិសង្កាត់កើតហេតុ.។ ដោយឡែកវត្ថុតាងដកហូតបានមានៈ៖១-ទូរសព្ទ័ចំនួន១គ្រឿង ម៉ាក SAMSUNG,​២-នាឡិកាដៃចំនួន១គ្រឿង
ប្រភពដដែលបន្តថា.​នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះជាម្ចាស់ផ្ទះមិនបាននៅផ្ទះនោះទេ ដោយចាក់សោរផ្ទះទុកចោល ហើយនាំគ្នាទៅលេងផ្ទះប្អូនបាត់។ លុះពេលត្រឡប់មកផ្ទះវិញ ឃើញទ្វារផ្ទះរបើក ដោយមានការសង្ស័យថាមានចោរចូលផ្ទះ.ភ្លាមនោះក៏ជិះម៉ូតូចេញពីផ្ទះវិញ រួចឈប់ចាំឃ្លាំមើល ពេលនោះក៏ឃើញជនសង្ស័យ២នាក់.បានលោតចុះពីលើផ្ទះជនរងគ្រោះ រត់ចូលព្រៃខាងក្រោយផ្ទះ ឃើញដូចនេះ​ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមរហូតដល់ព្រៃក្បែរមាត់ស្រះខាងក្រោយភូមិ ក៏តាមទាន់ជនសង្ស័យម្នាក់ រួចហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ ដើម្បីចាត់ការ។ ជនសង្ស័យនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង៕ស្អាង ជ័យ


ចែករំលែក៖