ភ្នំពេញ៖ សំណង់គ្រប់ប្រភេទត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលលោកអភិបាលខណ្ឌទួលគោកជំរុញឱ្យខណ្ឌនិងសង្កាត់ពង្រឹងក្នុងមូលដ្ឋានរបស់ខ្លួន ជៀសវាងការសាងសង់ផ្ទះមួយដែលអត់ច្បាប់ គ្មានអ្នកត្រួតពិនិត្យត្រឹមត្រូវ ពួកគាត់ស្នាក់នៅមិនបានពីរបីឆ្នាំផង បណ្តាលឲ្យបាក់និងមានមនុស្សស្លាប់ នោះវាជាកំហុសរបស់យើងដែលជាអាជ្ញាធរ ដូច្នេះទាំងថ្នាក់ខណ្ឌ ថ្នាក់សង្កាត់ត្រូវតែពង្រឹងរឿងនេះ។
កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះលោក ឯក ឃុនដឿន បានមានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើក ទី១៤របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣នៅសាលាខណ្ឌទួលគោក បានលើកឡើងថា លិខិតអនុញ្ញាតសាងសង់ មន្ត្រីជំនាញត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលតាមដាននិងត្រួតពិនិត្យ។ លោកបញ្ជាក់ថា បញ្ហាសំណង់នេះជាបញ្ហាក្តៅដែលយើងត្រូវតែគ្រប់គ្រងឲ្យបាន ។ មន្ត្រីថ្នាក់ខណ្ឌ សង្កាត់ត្រូវចុះឱ្យដល់ទីតាំងប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ពោលគឺបើសិនជាពួកគាត់សាងសង់ផ្ទះមួយដែលអត់ច្បាប់ គ្មានអ្នកត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ពួកគាត់រស់នៅមិនទាន់បានពីរបីឆ្នាំផងបណ្ដាលឲ្យបាក់និងមានមនុស្សស្លាប់ វាជាកំហុសរបស់យើង ជាអាជ្ញាធរ។ ដូច្នេះទេ ទាំងថ្នាក់ខណ្ឌ ថ្នាក់សង្កាត់ត្រូវតែពង្រឹងរឿងនេះឱ្យបានរឹងមាំ។
ក្រៅពីការលើកឡើងខាងលើលោកឯក ឃុនដឿនក៏បានជំរុញឲ្យមន្ត្រីសង្កាត់ធ្វើយ៉ាងណាបំពេញការងារឲ្យបានលឿន ពាក់ព័ន្ធប្រជាពលរដ្ឋក្រីក្រដែលត្រូវទទួលអំណោយពីរាជរដ្ឋាភិបាលក្នុងដំណាក់កាលកូវីដ-១៩នេះ ។ លោកបញ្ជាក់ថា បើយើងធ្វើរបាយការណ៍កំណត់អត្តសញ្ញាណជនក្រីក្រជូនប្រជាពលរដ្ឋយឺតយ៉ាវនោះ ការទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋក្រីក្រក៏យឺតទៅតាមនោះដែរ ។ មានន័យថា បើយើងធ្វើយឺត១ខែ ប្រជាពលរដ្ឋមកបើកប្រាក់ឧបត្ថម្ភក៏យឺតមួយខែដែរ។ ដូច្នេះយើងត្រូវតែរួមគ្នាខិតខំធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសប្រជាពលរដ្ឋក្រីក្រដែលងាយរងគ្រោះទាំងនេះ៕ដោយ៖ រ៉ារ៉ា