ខេត្តបន្ទាយមានជ័យ ៖ បើទោះជារឿងនេះរំលងទៅច្រើនថ្ងៃខណ:កម្លាំងនគរបាលចាប់ខ្លួនបុរសជាឪពុកដ៏គម្រក់ម្នាក់ដែលចាប់រំលោភកូនស្រី២នាក់ច្រើនដងយកទៅដាក់គុកហើយក្តី តែគេនៅស្រណោះសម្តីដង្ហោយរបស់កូនស្រីថា ម៉ែអើយ! ប្តឹងគេឱ្យចាប់ប៉ាទៅ កូនទ្រាំលែងបានហើយ ។
មន្រ្តីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា បុរសជាឪពុកម្នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនភ្លាមៗតាមដងផ្លូវនៅសង្កាត់និងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងមកនេះក្រោយពីទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះថា បានបំពានសេពសន្ថវៈលើកូន ស្រីជាអនីតិជន២នាក់ជាច្រើនលើក។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើឈ្មោះ មាន សៅ វិរៈ អាយុ៣៨ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុបស្នាក់នៅក្នុងសង្កាត់និងក្រុងប៉ោយប៉ែត ។
បើតាមការរៀបរាប់របស់ម្តាយក្មេងស្រីរងគ្រោះបានប្រាប់ទាំងទឹកភ្នែកថា នៅម៉ោងប្រហែល៩ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ខណៈគាត់កំពុងធ្វើការឲ្យគេ ស្រាប់តែកូនស្រីទី៤របស់គាត់ អាយុ១២ឆ្នាំ រត់ទៅប្រាប់គាត់ថា «ប៉ាបំពានសេពសន្ថវៈមកលើកូនហើយ ម៉ែអើយ! ប្តឹងគេឱ្យចាប់ប៉ាទៅ កូនទ្រាំលែងបានហើយ» ។
ក្រោយស្តាប់សម្តីកូនបែបនេះធ្វើឲ្យគាត់ស្ទើរតែគាំងបេះដូងស្លាប់ទៅហើយក៏ប្រញាប់ប្រញ៉ាល់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋប៉ោយប៉ែត និងសុំកាអន្តរាគមន៍ពីសមត្ថកិច្ចចាប់ខ្លួនបុរសជាឪពុកស្រេកឃ្លានតណ្ហាភ្លាមៗ។
ស្រ្តីជាម្តាយបានរៀបរាប់ទៀតថាអ្វីដែលកាន់តែហួសចិត្ត និងនឹកស្មានមិនដល់ទៀតនោះ គឺពេលសាកសួរកូនស្រីនាងប្រាប់ថា ប៉ានាងបំពានសេពសន្ថវៈស្ទើរតែរាល់ថ្ងៃជិត១ឆ្នាំមកហើយ តាំងពីមករស់នៅកន្លែងកើតហេតុម្ល៉េះ ខណៈម្តាយចេញទៅធ្វើការឲ្យគេបាត់ៗពីផ្ទះ។មិនតែប៉ុណ្ណោះកូនស្រីទី៤នេះថែមទាំងប្រាប់ពីការពិតរបស់ជីវិតបងនាងម្នាក់ទៀតអាយុ១៥ឆ្នាំថា កន្លងមកនាងតែងលបមើលឃើញប៉ាចាប់ខ្ទប់មាត់បងនាងរួចបំពានផ្លូវភេទដូចនាងដែរ ។
ដោយសារខ្លាចមិនដូចការលើកឡើងរបស់កូនស្រីទី៤ ស្ត្រីជាម្តាយបានហៅកូនស្រីទី៣ មកសាកសួរនៅចំពោះមុខសមត្ថកិច្ច ស្រាប់តែនាងទ្រហោរយំ ហើយរៀបរាប់ថា ប៉ានាងបានបំពាននាងជាច្រើនដងតាំងពីនាងអាយុ៩ឆ្នាំ រហូតដល់១០ឆ្នាំ កាលពីគ្រួសារនាងរស់នៅឯក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នាងបងបន្តថា កាលនោះនាងរៀនក៏មិនចូល ព្រោះតែមានវិបត្តិក្នុងគ្រួសារ ហើយចេះតែលាក់ទុកមិនដែលហ៊ានប្រាប់ម្តាយទេ ព្រោះមានពេលមួយប៉ានាងបានវាយធ្វើបាបនាង រួចគំរាមថា បើប្រាប់នរណាម្នាក់ពីរឿងនេះឲ្យគេ ដឹងគាត់នឹងសម្លាប់នាងចោល។
ម្តាយក្មេងរងគ្រោះរៀបរាប់បន្តថា គាត់មានប្តី២នាក់ទៅហើយ ដោយប្តីទី១ បង្កើតបានកូនប្រុសម្នាក់ក៏បែកបាក់គ្នា និងមានប្តីទី២នេះ បង្កើតបានកូន៤នាក់ ក្នុងនោះប្រុសម្នាក់ សរុប៥នាក់ ទាំងកូនប្តីមុន។
គាត់បន្តថា បុរសជាប្តីក្រោយនេះកាលនៅឯក្រុងសិរីសោភ័ណ ធ្លាប់ជាប់គុក១ឆ្នាំកន្លះពាក់ព័ន្ធករណីថ្នាំញៀនហើយ ទើបមករស់នៅក្រុងប៉ោយប៉ែតប្រហែល១ឆ្នាំ ។ ចំណែកឯនាងបងគេមានការធ្វើ ហើយដេកនៅកន្លែងធ្វើការរហូតទើបរួចផុតពីក្រញាំឪពុករូបនេះ។
យ៉ាងណាលោកវរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ករណីខាងលើពិតជាកើតមានមែន។
លោកបន្តថា យោងតាមការសួរនាំ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានបំពានលើកូនស្រីបង្កើតពិតប្រាកដមែន ។ ក្រោយពីទទួលបានការសារភាពបែបនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាឪពុករូបនេះ ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់រួចហើយដែរកាលពីថ្ងៃទី៣១ ខែកក្កដា កន្លងមកនេះ៕
ដោយ៖ប្រាថ្នា