ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកថានឹងបន្តការប្រកួតពានរង្វាន់Confederation Cup និង Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) បានសម្រេចបន្តការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ CAFConfederation Cup និង CAF Champions League បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាង៣ខែដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ-១៩

សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សហព័ន្ធអាហ្វ្រិកនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ដែលការប្រកួតនឹងត្រូវលេងនៅប្រទេសម៉ារ៉ុកដោយគ្មានទស្សនិកជនចូលទស្សនា

ការប្រកួតដំបូងនៃពានរង្វាន់ CAF Confederation Cup នឹងត្រូវប្រកួតរវាងក្រុម Pyramids FC របស់អេហ្ស៊ីបនិងក្រុម Horoya របស់ហ្គីណេនៅពហុកីឡដ្ឋាន Mohammed V Complex ក្នុងទីក្រុងCasablanca។ ខណៈដែលក្រុម RS Berkane របស់ម៉ារ៉ុកនឹងត្រូវជួបក្រុម HUSA របស់ម៉ារ៉ុកដូចគ្នាក្នុងការប្រកួជើងទី២នៅឯកីឡដ្ឋាន Prince Moulay Abdellah ក្នុងទីក្រុង Rabat សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតនៅពហុកីឡដ្ឋាន Prince Moulay Abdellah ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ថ្ងៃទី១៧ ខែតុលា ប៉ុន្តែទីតាំងមិនទាន់ត្រូវបានគេសម្រេចចិត្តនៅឡើយទេ។

ចំណែកការប្រកួត CAF Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងមានក្រុមមកពីអេហ្ស៊ីប២ក្រុម និងក្រុមមកពីម៉ារ៉ុក២ក្រុម។ ការប្រកួតជើងទី១នឹងត្រូវប្រកួតនៅប្រទេសម៉ារ៉ុកនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ហើយការប្រកួតលើកទី២ នឹងរៀបចំឡើងនៅទីក្រុងគែរនៅថ្ងៃទី២ និងថ្ងៃទី៣ ខែតុលា។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ CAF Confederation Cup និង CAFChampions League ប្រចាំទ្វីបអាហ្រ្វិក គ្រោងចាប់ផ្តើមកាលពីថ្ងៃទី១ ខែឧសភាកន្លងទៅ ប៉ុន្តែរាល់សកម្មភាពកីឡាទាំងអស់នៅទ្វីបអាហ្រ្វិកត្រូវបានផ្អាកចាប់តាំងពីខែមីនាចំពេលមានវិធានការបង្ការប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតនេះដោយ៖ភារៈ

 


ចែករំលែក៖