ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំពិភពលោក ចូលរួមរំលែកទុក្ខដល់ពលរដ្ឋលីបង់ ក្រោយការផ្ទុះសមា្លប់មនុស្សជាច្រើន

ចែករំលែក៖

អន្តរជាតិ៖ មន្ត្រីសន្តិសុខ លីបង់ ឧត្តមសេនីយ៍Abbas Ibrahim បានបញ្ជាក់ថា មានសារធាតុ ammonium nitrate ដល់ទៅ​២៧០០តោន នៅក្នុងឃ្លាំង​ស្ថិតនៅកំពង់ផែBeirut បានផ្ទុះ កាលពីថ្ងៃទី​៤ខែសីហា។ កម្លាំងផ្ទុះត្រូវបានគេវាយតម្លៃថា ស្មើរំសេវ​TNT ដល់ទៅ​២៤០ តោន ហើយអ្នកនៅចម្ងាយដល់ទៅ​១៨០ គីឡូម៉ែត្រ​ក៏ឮស៊ូសំឡេងផ្ទុះផងដែរ​។
លោក​ ឧត្តមសេនីយ៍Abbas Ibrahim បានបញ្ជាក់ថា សារធាតុ ammonium nitrate ត្រៀមដឹកជញ្ជូនទៅកាន់អាហ្វ្រិក ក៏បានផ្ទុះកាលពីរសៀលថ្ងៃទី​៤ខែសីហា ។ សារធាតុខាងលើគឺសម្រាប់ផលិតរំសេវផ្ទុះ​ ។
ប្រធានាធិបតី​លីបង់ លោកMichel Aoun បានបញ្ជាក់ថា នឹងដាក់ទណ្ឌកម្ម ទៅលើអ្នកដែលទទួលខុសត្រូវ។ ប្រធានាធិបតីបញ្ជាក់ថា សារធាតុ ammonium nitrate ​២៧០០តោន គឺបានរក្សានៅក្នុងឃ្លាំង រយៈពេល​៦ឆ្នាំមកហើយ ដោយមិនមានវិធានការសុវត្ថិភាពនោះឡើយ។
បណ្តាមេដឹកនាំជុំវិញពិភពលោកបានលើកឡើងពីទស្សនរបស់ខ្លួនជុំវិញការផ្ទុះនៅលីបង់​​ដោយចាត់ទុកថាជាការផ្ទុះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន បន្ទាប់ពីគ្រាប់បែកបរមាណូ ដែលអាមេរិក ទម្លាក់នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា​និងណាហ្គាសាគី នាថ្ងៃទី​៦និងទី​៩ ខែសីហា ឆ្នាំ​១៩៤៥។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា​ការផ្ទុះនៅទីក្រុង Beirut ដូចជាគ្រាប់បែក។ លោកត្រាំ​បញ្ជាក់ថា​អាមេរិកនិងជួយដល់ពលរដ្ឋលីបង់ ក្រោយការផ្ទុះយ៉ាងអាក្រក់នេះ។
ជាមួយគ្នានេះប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា «រុស្ស៊ីចូលរួមរំលែកការឈឺចាប់ជាមួយពលរដ្ឋលីបង់ ក្រោយការផ្ទុះដ៏រន្ធត់នោះ«។
ចំណែកអធិការបតីអាល្លឺម៉ង់ ​លោកស្រីAngela Merkel បានចូលរួមរំលែកទុក្ខដល់ពលរដ្ឋលីបង់ ​និងស្នើទៅជួយដល់ពលរដ្ឋលីបង់ពេលជួបទុក្ខលំបាកនេះ។ ជាមួយគ្នានោះដែរប្រធានាធិបតីបារាំងប្រកាសថានឹងជួយដល់លីបង់តាមសំណើររបស់រដ្ឋាភិបាលលីបង់។
ដោយឡែកនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ក៏បានចូលរួមរំលែកទុក​ផងដែរ​ ហើយអូស្ត្រាលីនឹងទៅជួយដល់លីបង់​។ លោក​Scott Morrisonបានចាត់ទុកថាជាការផ្ទុះ អាក្រក់បំផុតមិនធ្លាប់មាន​៕ដោយ៖ធី រីណា


ចែករំលែក៖