អន្តរជាតិ៖ អង្គការកាកបាទក្រហមលីបង់ នៅថ្ងៃទី៥ ខែសីហា បានប្រកាសឲ្យដឹងថា មានអ្នកស្លាប់កើនឡើងជាង១០០នាក់ហើយ និងមានអ្នករងរបួសកើនឡើងជិត៥ពាន់នាក់ ភាគច្រើនស្ថិតនៅជិតទីតាំងផ្ទុះនាកំពង់ផែ Beirut ប្រទេសលីបង់។ ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។
ផ្លូវថ្នល់នានាក្នុងទីក្រុង Beirut គ្របដណ្តប់ទៅដោយបំណែកបែកបាក់ទ្វារបង្អួចកញ្ចក់ ។ សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់កាកបាទក្រហមលីបង់ដែលបានបញ្ជាក់ថា «គិតមកដល់ពេលនេះមានអ្នករបួសជាង៤ពាន់នាក់ និងស្លាប់ជាង១០០នាក់ ។ ក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកជនរងគ្រោះនៅតំបន់ជុំវិញកន្លែងផ្ទុះដែលមានអគារបាក់បែកជាច្រើន។
ការផ្ទុះបានបំផ្លាញបរិវេណជុំវិញ កំពង់ផែ អគារខ្ពស់ៗនៅជិតនោះរងការខូចខាតយ៉ាងខ្លាំងដោយសារសម្ពាធផ្ទុះខ្លាំង។ រូបភាពបង្ហាញឲ្យឃើញថា កម្លាំងផ្ទុះដូចជាគ្រាប់បែកបរមាណូអ៊ីចឹង ដោយមានផ្សែងភ្លើងរូបផ្សិត។ពលរដ្ឋនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណែបានឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង។
ទិដ្ឋភាពនៅទីក្រុង Beirut ពិតជាខ្លោចផ្សាខ្លាំងណាស់ ដោយសារតែពលរដ្ឋរងរបួសច្រើនទាំងក្មេងទាំងចាស់ឈាមហូរស្រោចពេញខ្លួន។ ជាមួយគ្នានេះក៏មានពលរដ្ឋក្រៅប្រទេសជាច្រើនរងរបួសនិងស្លាប់ក្នុងហេតុការណ៍នោះដែរ។ ក្រសួងការបរទេសហ្វុីលីពីនប្រកាសថា មានជនជាតិហ្វុីលីពីនពីរនាក់ស្លាប់ និង៦នាក់រងរបួស។ អូស្ត្រាលីក៏មានពលរដ្ឋម្នាក់ស្លាប់ផងដែរ ៕
ដោយ៖ធី រីណា