អន្តរជាតិ៖ ថ្លែងក្រោយជំនួបគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៤ ខែសីហាម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បានបញ្ជាក់ថាជំហររបស់លោក គឺគាំទ្រគណៈកម្មាធិការសភាឲ្យសិក្សាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថៃ។ ដោយលោកអះអាងថា រដ្ឋាភិបាលលោក នឹងដាក់បង្ហាញសេចក្តីព្រាងច្បាប់ស្តីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលខ្លួនរៀបរៀងឡើងក្នុងពេលប្រជុំសភាលើក្រោយ។
លោកប្រាយុទ្ធ បន្ថែមថា រដ្ឋាភិបាលថៃ ក៏នឹងបង្កើតវេទិកាសម្រាប់យុវជនបញ្ចេញទស្សនៈលើអ្វីដែលពួកគេចង់ឲ្យបានសម្រាប់អនាគតរបស់ប្រទេសថៃផងដែរ ។ លោកបន្តថា នៅពេលបក្សប្រឆាំងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញរបស់ពួកគេទៅកាន់សភា រដ្ឋាភិបាលលោកក៏នឹងធ្វើដូចគ្នានេះដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ។
ជុំវិញការប្ដេជ្ញាចិត្តរបស់លោក ប្រាយុទ្ធ បាននិយាយដូច្នេះថា៖ «យើង នឹងត្រូវរង់ចាំការស្នើសុំពីគណៈកម្មធិការសភា។ រដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់របស់ខ្លួន។ ខ្ញុំរំពឹងថា ការធ្វើវិសោធនកម្ម នឹងត្រូវគិតពិចារណានៅប្រជុំសភាឡើងក្រោយ។ រដ្ឋាភិបាល ត្រៀមរួចរាល់ក្នុងការសហការយ៉ាងពេញទំហឹង»។ទន្ទឹមនឹងនោះ លោក ប្រាយុទ្ធ ក៏បានលើកឡើងថារដ្ឋាភិបាលនឹងរៀបចំវេទិកាក្នុងខែសីហានេះសម្រាប់មនុស្សជំនាន់ថ្មី បញ្ចេញទស្សនៈលើអ្វីដែលពួកគេចង់ឲ្យបានសម្រាប់អនាគតរបស់ប្រទេសថៃ។
សូមជម្រាបថា ការប្តេជ្ញារបស់នាយករដ្ឋមន្ត្រីថៃរូបនេះ ធ្វើឡើងក្រោយមានចលនាតវ៉ាជាបន្ដបន្ទាប់ទាមទារឲ្យផ្លាស់ប្ដូតរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសជាពិសេស ពីសំណាក់យុវជនថៃ។ ទាក់ទិនបញ្ហានេះ លោក ប្រាយុទ្ធនិយាយថា៖«កុំបង្ករឿងច្រើនពេកនៅពេលនេះ។ យើងកំពុងព្យាយាមដោះស្រាយបញ្ហាមួយចំនួនក្នុងពេលជាមួយគ្នានេះផងដែរ»។
គួរបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ន ប្រទេសថៃ បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ២០លើកហើយ ពោលគឺចាប់តាំងពីផ្ដួលរំលំលទ្ធិរាជានិយមផ្ដាច់ការក្នុងឆ្នាំ១៩៣២មក។ ដោយការកែទម្រងលើកចុងក្រោយគឺធ្វើឡើងក្នុងឆ្នាំ២០១៧ ក្នុងរបបសឹកដែលដឹកនាំដោយលោកប្រាយុទ្ធ ចន្ទអូចាហើយបានជួយមួយផ្នែកដល់ជ័យជម្នះលោកក្នុងការបោះឆ្នោត៕ដោយ៖សតារា