ភ្នំពេញ៖ វិទ្យុជាតិកម្ពុជា បានដកស្រង់ប្រសាសន៍រដ្ឋមន្រ្ដីក្រសួងព័ត៌មាន មកអធិប្បាយថា៖ លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអំពាវនាវ កុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ និងជាអ្នកប្រឆាំង អោយសោះខណៈអ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការសរសេរព័ត៌មានពិតដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនទូទៅ។
រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានស្នើរឱ្យគ្រប់ភាគីពាក់ព័ន្ធទំាងអស់អោយលុបបំបាត់ការចោទប្រកាន់លើអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានជាក់ស្ដែងពីខ្លួន និងសង្គម ហើយកុំចាត់ទុកពួកគេជាសត្រូវ និងជាអ្នកប្រឆាំង ព្រោះវាអាចធ្វើឲ្យបាត់បង់ព័ត៌មានពិតនៅក្នុងសង្គម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ដ នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានស្នើអោយមន្រ្ដីជំនាញត្រូវចុះសិក្សាឱ្យបានច្បាស់លាស់អំពីរឿងហេតុដែលអាចនឹងប្រែក្លាយជាប្រភពល្អដើម្បីបំពេញការងារបន្ថែមនូវចំណុចខ្វះខាត់របស់ខ្លួន ។
លោកបន្តថា៖ «មន្រ្ដីគ្រប់លំដាប់ថ្នាក់ត្រូវជៀសដាច់ខាតថាអ្នកសារព័ត៌មានសរសេរអាក្រក់សុទ្ធតែក្រុមប្រឆាំងនោះទេ ពាក្យនឹងមួយត្រូវចោល ថាតើគេសរសេរពិតទេ ហើយពិតនៅត្រឹមណា យើងដោះស្រាយយ៉ាងមិច។ នេះជាការសំខាន់ មិនមែនរឿងគ្រាន់តែកើតឡើងភ្លាមអាក្រក់សុទ្ធតែប្រឆាំងទេ ពេលខ្លះប្រឆាំងខ្លះនិយាយត្រូវ ហើយការវិវត្ដតាមនឹង ការប្រទាំងប្រទិសគ្នានេះ គឺធ្វើអោយយើងរកផ្លូវចេញឃើញ »។
លោករដ្ឋមន្ត្រីបានអះអាងថា សង្គមប្រជាធិបតេយ្យបើអត់មានអ្នកសារព័ត៌មានគឺមិនបាននោះទេ បើទោះបីជាបណ្ដាញសង្គមហ្វេកប៊ុកទូលំទូលាយយ៉ាងណាក៏ដោយ តែប្រជាពលរដ្ឋមានការយល់ដឹង និងជឿទុកចិត្ដលើអ្នកសារព័ត៌មាន ជាក់ស្ដែងព័ត៌មានជំងឺកូវីដ១៩នេះតែម្ដង។
លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា ៖ ក្រសួងព័ត៌មានបានណែនាំមន្រ្ដីគ្រប់អគ្គនាយដ្ឋាន និងមន្ទីរព័ត៌មានរាជធានីខេត្ដចាំបាច់ធ្វើការជារៀងរាល់ថ្ងៃ និងប្រជុំរៀងរាល់ព្រឹក ដើម្បីដឹងអំពីព័ត៌មានជាក់ស្ដែងពីខេត្ដនីមួយៗ សម្រាប់ងាយស្រួលរាយការណ៍ព័ត៌មានទៅអភិបាលខេត្ដឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវមានភាពត្រឹមត្រូវ ទាំងការសរសេរ និងការគិត ដោយគ្មានការគាបសង្កត់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់តម្លៃរបស់អ្នកសារព័ត៌មានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
ដោយ៖សហការី