ពិភពលោកមានពលរដ្ឋជិត១៩លាននាក់ ឆ្លងកូវីដ-១៩ និងស្លាប់ជាង៧សែននាក់គិតដល់ថ្ងៃទី ៥ខែសីហា។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា៖ ក្នុងរយៈពេល ១៥វិនាទី មានមនុស្សម្នាក់ស្លាប់ដោយកូវីដ-១៩ នៅលើពិភពលោក។
ចំនួនអ្នកសា្លប់ដោយកូវីដ-១៩ នៅលើពិភពលោក គិតដល់ម៉ោង ៦និង៣០នាទីថ្ងៃទី៥ខែសីហា តាមគេហទំព័រ Worldometer គឺមានមនុស្ស ៧០៥.០៤២នាក់។ តាមតួលេខរបស់រ៉យទ័រប្រទេសដែលមានពលរដ្ឋស្លាប់ច្រើនបំផុតគឺ អាមេរិក ប្រេស៊ីល ឥណ្ឌានិងម៉ិចស៊ីកូ។
តាមតួលេខរបស់សារព័ត៌មានរ៉យទ័រ ជាធម្យមក្នុងរយៈ២៤ម៉ោងគឺមានមនុស្ស ជិត៥៩០០នាក់ស្លាប់ដោយកូវីដ-១៩ ។ ក្នុងរយៈពេល១ម៉ោងគឺមានមនុស្ស២៤៧នាក់ស្លាប់ ឬក៏ក្នុងរយៈពេល១៥វិនាទីមានមនុស្សម្នាក់ស្លាប់។
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសថាជំងឺកូវីដ-១៩គ្រប់គ្រងបានហើយនៅអាមេរិក ។ ប៉ុន្តែ តួលេខនៃអ្នកឆ្លងនិងស្លាប់នៅតែបន្តកើនឡើងដដែល។ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkinsបានប្រកាសនៅថ្ងៃទី៥ខែសីហាថា អាមេរិក មានអ្នកស្លាប់ដោយកូវីដ-១៩បន្តកើនឡើង ដោយក្នុងរយៈពេល២៤ម៉ោង មានអ្នកស្លាប់ដោយកូវីដ-១៩ ដល់ទៅ១៣០២នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ទៅ156.668 នាក់ ។ ចំណែកអ្នកឆ្លងវិញក្នុងរយៈពេល២៤ម៉ោង មានអ្នកឆ្លង 53.847 នាក់ ធ្វើឲ្យអ្នកឆ្លងសរុបជាង៤,៧លាននាក់៕ដោយ៖ធី រីណា