ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ណែនាំដល់មន្ទីរជំនាញត្រូវលុប បំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌ មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិង បរិស្ថាន។ លោក ឃួង ស្រេង បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ។
 លោក ឃួង ស្រេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានកន្លែងលក់ហ្គាសនិង បញ្ជូលហ្គាស ជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចកទេស ប្រើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ជូលនិងអ្នកប្រើប្រាស់។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កអោយផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាបឆេះផ្ទះសម្បែងជាដើម។ យើងឃើញថា នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ហ្គាសពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទំាងផលិតហ្គាសថែមទៀត ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាសគឺឃើញថ្មស្អុយដែលជាសារធាតុផលិត ហ្គាស ។ កិច្ចការងារនេះគឺជាសន្តិសុខសុវត្ថិភាព ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្ក អោយមានកន្លែងលក់ហ្គាសអាណាធិបតេយ្យកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ចំពោះយើង ហើយយើង ពិបាកឡានដែលរត់ទៅសង្គ្រោះ ក៏មានការ ចង្អៀតដោយសារបញ្ហាចរាចរណ៍ដែលចំណុចនេះត្រូវតែយក ចិត្តទុកដាក់អោយបានខ្ពស់។
 លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញបានមានប្រសាសន៍ថា បញ្ហាហ្គាសឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវឬផ្ទះលក់ដូរគ្រឿងទេសជាបញ្ហាប្រឈមផ្នែកសុវត្ថិភាពដោយត្រូវបង្កើនការយកចិត្តទុកដាក់លុបបំបាត់ឲ្យខាងតែបាន  ខណៈដែលអគ្គិភ័យនានាដែលកើតឡើងនៅរាជធានីភ្នំពេញកន្លងមកនេះភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាសដែលគ្មានបច្ចេកទេស ៕
ដោយ៖សំរិត

ចែករំលែក៖