ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលកម្ពុជា កំពុងដំណើរការសេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ហាម​ពលរដ្ឋ​បង្ក​សំឡេង​កងរំពង មិនឲ្យលើសពី​ម៉ោង​១០​យប់​ឡើយ

ចែករំលែក៖

ភ្នំពេញ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន តែងតែនាំគ្នាផឹកស៉ីដាក់ធុងបាសច្រៀងខារ៉ាអូខេ បង្កការរំខានដល់អ្នកជិតខាងបានប្តឹងទៅអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ រហូតមកដល់ពេលនេះរដ្ឋាភិបាល បានសម្រេចបង្កើតសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ហាមពលរដ្ឋបង្កសំឡេងកងរំពង មិនឱ្យលើសពីម៉ោង១០យប់ឡើយ ហើយការបង្កើតច្បាប់មួយនេះអង្គការសង្គមស៊ីវិល បានយល់ឃើញថាមាត្រាចំណុចនេះល្អ ប៉ុន្តែត្រូវទាមទារឲ្យប្រមូលធាតុផ្សំឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តមានប្រសិទ្ធភាពផងដែរ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​​លោក អ៊ុក គឹមលេខ បានថ្លែងថា  សេចក្តីព្រាងច្បាប់ថ្មីខាងលើនេះ បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងដំណើរប្រមូលមតិយោបល់ក៏មានការកំណត់ឱ្យពលរដ្ឋបន្លឺសំឡេងកងរំពងនៅត្រឹមម៉ោង១០យប់ប៉ុណ្ណោះ ហើយបើពលរដ្ឋធ្វើផ្ទុយពីនេះ នឹងប្រឈមវិធានការរបស់អាជ្ញាធរ

ត្រង់ចំណុចនេះ លោក អ៊ុក គឹមលេខ ដែលដឹកនាំរៀបចំច្បាប់នេះ បានលើកជាឧទាហរណ៍មកបញ្ជាក់ថា បើពលរដ្ឋមានការជួបជុំផឹកស៊ីច្រៀង រាំ លើសម៉ោង ១០យប់ ដែលជាការរំខានដល់ពលរដ្ឋជិតខាងនោះ អាជ្ញាធរនឹងចុះទៅព្រមាន វិន័យរដ្ឋបាលតែម្ដង ក្នុងដំណាក់កាលដំបូង ប៉ុន្តែក្នុងករណីមិនរាងចាល អាជ្ញាធរនឹងអនុវត្តតាមវិធានការបន្តបន្ទាប់ទៀត ដែលមានចែងក្នុងច្បាប់

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានពន្យល់ដូច្នេះថា«​ក្នុងសេចក្តីព្រាងច្បាប់នោះ បានកំណត់ឱ្យពលរដ្ឋធ្វើសកម្មភាពកងរំពងអ្វីមួយនៅត្រឹមម៉ោង១០យប់ ដោយមិនឱ្យលើសពីនេះទេ ប៉ុន្តែបើក្នុងករណីពិសេសដូចជាមានកម្មវិធីបុណ្យ រៀបអាពាហ៍ពិពាហ៍ កម្មវិធីជួបជុំធំដុំអ្វីមួយ ដែលត្រូវការច្រៀងរាំ សប្បាយលើសម៉ោង១០យប់នោះ ពួកគេអាចរាយការណ៍ជូនដំណឹងទៅអាជ្ញាធរ ដើម្បីជួយសម្រួល កុំឱ្យប៉ះពាល់ដល់ជិតខាង​»​

សូមជម្រាបថា ជំពូកទី នៃសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនៃផ្នែកទី ដែលនិយាយពី​«​ភាពស្ងប់ស្ងាត់​» ត្រង់មាត្រា១៦បានចែងថា «​ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ជាអាទិ៍ ​-​ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ  ​-​ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ ​-​ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ​»​

មាត្រា១៧ ក៏បានចែងបន្ថែមថា«​រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃត្រូវបញ្ឈប់ចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់១៤រសៀល និងចាប់ពីម៉ោង២២យប់ដល់ម៉ោងព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច​»​

បន្ថែមពីនេះទៅទៀតលោក អ៊ុក គឹមលេខ បានសង្កត់ធ្ងន់ថា នៅពេលដែលច្បាប់នេះ លេចចេញជារូបរាងនោះ ពលរដ្ឋអាចរាយការណ៍មកអាជ្ញាធរបានបើសិនជាមានអ្នកណាម្នាក់បង្កសំឡេងខ្លាំងរំខានខ្លួន លើសពីម៉ោង១០យប់ ព្រោះកន្លងមក មានប្រជាពលរដ្ឋខ្លះ បង្កសំឡេងរំខានដល់អ្នកដទៃតាមរយៈការចាក់ធុងបាស់ច្រៀង រាំ , កែច្នៃសំឡេងម៉ូតូ រថយន្ត ឱ្យឮសំឡេងខ្លាំងខុសសំឡេងដើម , សំឡេងកែច្នៃនៅកន្លែងសិប្បកម្ម ជាពិសេសការដឹកជញ្ជូន និងទម្លាក់ទំនិញនៅពេលយប់ជ្រៅជាដើម

ដោយឡែក លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) ក៏បានបញ្ជាក់ដែរថា ការតាក់តែងច្បាប់នេះ គួរតែមានការបើកឱ្យមានកិច្ចប្រជុំពិភាក្សាមួយ ដើម្បីឱ្យច្បាប់នេះចេញទៅស្របតាមទិដ្ឋភាពជាក់ស្ដែងនៃបញ្ហាប្រជាពលរដ្ឋ​ «​ខ្ញុំចង់ឱ្យមានការជជែកពិភាក្សាឱ្យបានទូលំទូលាយដែរជាមួយមនុស្សទាំងឡាយ ជាពិសេសច្បាប់នេះ ជាច្បាប់មួយដែលពាក់ព័ន្ធជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អ៊ីចឹងចាំបាច់ត្រូវជជែកដេញដោយសួរ ពិគ្រោះជាមួយនឹងប្រជាពលរដ្ឋ នេះទីទីយើងត្រូវមើលលើទិដ្ឋភាពនៃការលើកឡើងទៅលើចំណុចមួយចំនួន ថាតើការឱ្យនិយមន័យហ្នឹង វាមានការឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ប្រពៃណីទំនៀមទម្លាប់របស់ពលរដ្ឋកម្ពុជាដែរទេ​»​

មិនតែប៉ុណ្ណោះអង្គការសង្គមស៊ីវិល ក៏បានចាត់ទុកមាត្រានៃសេចក្តីព្រាងច្បាប់ ជាចំណុចល្អក្នុងការអនុវត្តលើបញ្ហារំខានទាំងអស់នេះ ប៉ុន្តែត្រូវទាមទារឱ្យប្រមូលធាតុផ្សំឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តមានប្រសិទ្ធភាព

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ កំពុងស្ថិតនៅក្នុងការស្ទង់មតិ និងកែតម្រូវបន្ថែមពីមន្ត្រីមូលដ្ឋានរាជធានី​-​ខេត្ត ដើម្បីប្រមូលធាតុផ្សំចូលបន្ថែម មុននឹងឈានដល់ការដាក់ប្រជុំពិគ្រោះយោបល់អន្តរក្រសួងក្រសួង សង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត

ត្រង់ចំណុចនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានបញ្ជាក់ថា បើសិនជាខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានសម្រេចយល់ព្រមនោះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យមុននឹងបញ្ជូនទៅនីតិបញ្ញត្តិ ប៉ុន្តែបើសិនជាមានមាត្រាចំណុចណា ដែលត្រូវបានបដិសេធនោះ គឺនឹងត្រូវលុបចោល កែសម្រួលឡើងវិញ

សេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មានជំពូក និង៤៨មាត្រាចាប់ពីមាត្រា៣៨ ដល់៤១ ក៏មានចែងអំពីទោសទណ្ឌផងដែរ តាមមាត្រាទាំងនោះ ចែងថា អំពើល្មើសនឹងច្បាប់នេះ ត្រូវផ្ដន្តាទោសដោយការព្រមាន ការពិន័យអន្តរការណ៍ ការដាក់វិន័យរដ្ឋបាល ការផ្ដន្ទាទោសដាក់ពន្ធនាគា ​/​និងពិន័យជាប្រាក់ ការពិន័យនីមួយៗត្រូវអនុវត្តតាមអនុក្រឹត្យ ,​តុលាការ តាមបទប្បញ្ញតិ និងនីតិវិធីជាធរមាន៕ដោយ៖ស តារា


ចែករំលែក៖