ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលកម្ពុជា កំពុងដំណើរការសេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ហាម​ពលរដ្ឋ​បង្ក​សំឡេង​កងរំពង មិនឲ្យលើសពី​ម៉ោង​១០​យប់​ឡើយ

ចែករំលែក៖

ភ្នំពេញ​៖ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន តែងតែនាំគ្នាផឹកស៉ីដាក់ធុងបាសច្រៀងខារ៉ាអូខេ បង្កការរំខានដល់អ្នកជិតខាងបានប្តឹងទៅអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ ។ រហូតមកដល់ពេលនេះរដ្ឋាភិបាល បានសម្រេចបង្កើតសេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ហាម​ពលរដ្ឋ​បង្ក​សំឡេង​កងរំពង មិនឱ្យ​លើសពី​ម៉ោង​១០​យប់​ឡើយ​។ ហើយការបង្កើតច្បាប់មួយនេះអង្គការសង្គម​ស៊ីវិល បានយល់ឃើញថាមាត្រា​ចំណុច​នេះ​ល្អ ប៉ុន្តែ​ត្រូវ​ទាមទារ​ឲ្យប្រមូល​ធាតុ​ផ្សំ​ឱ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ការអនុវត្ត​មាន​ប្រសិទ្ធភាព​ផងដែរ ។

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​​លោក អ៊ុក គឹម​លេខ បានថ្លែងថា  សេចក្តីព្រាងច្បាប់​ថ្មីខាងលើនេះ បច្ចុប្បន្ននេះ ​រដ្ឋាភិបាល​កំពុង​ដំណើរ​ប្រមូល​មតិយោបល់​ ក៏​មានការ​កំណត់ឱ្យ​ពលរដ្ឋ​បន្លឺសំឡេង​កងរំពង​នៅត្រឹម​ម៉ោង​១០​យប់​ប៉ុណ្ណោះ​។ ហើយបើ​ពលរដ្ឋ​ធ្វើ​ផ្ទុយ​ពីនេះ នឹង​ប្រឈម​វិធានការ​របស់​អាជ្ញាធរ​ ។

​ត្រង់ចំណុច​នេះ លោក អ៊ុក គឹម​លេខ ដែល​ដឹកនាំ​រៀបចំ​ច្បាប់​នេះ បាន​លើក​ជា​ឧទាហរណ៍​មក​បញ្ជាក់ថា បើ​ពលរដ្ឋ​មានការ​ជួបជុំ​ផឹកស៊ីច្រៀង រាំ លើស​ម៉ោង ១០​យប់ ដែលជា​ការរំខាន​ដល់​ពលរដ្ឋ​ជិតខាង​នោះ អាជ្ញាធរ​នឹង​ចុះទៅ​ព្រមាន ឬ​វិន័យ​រដ្ឋបាល​តែម្ដង ក្នុងដំណាក់កាល​ដំបូង​។ ប៉ុន្តែ​ក្នុងករណី​មិន​រាងចាល អាជ្ញាធរ​នឹង​អនុវត្តតាម​វិធានការ​បន្តបន្ទាប់​ទៀត ដែល​មានចែង​ក្នុង​ច្បាប់​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​ពន្យល់​ដូច្នេះ​ថា​៖«​ក្នុង​សេចក្តីព្រាងច្បាប់​នោះ បាន​កំណត់ឱ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព​កងរំពង​អ្វីមួយនៅត្រឹម​ម៉ោង​១០​យប់ ដោយ​មិនឱ្យ​លើសពីនេះ​ទេ​។ ប៉ុន្តែ​បើ​ក្នុងករណី​ពិសេស​ដូចជា​មានកម្ម​វិធី​បុណ្យ រៀប​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ជួបជុំ​ធំដុំ​អ្វីមួយ ដែល​ត្រូវការ​ច្រៀង​រាំ សប្បាយ​លើស​ម៉ោង​១០​យប់នោះ ពួកគេ​អាច​រាយការណ៍​ជូនដំណឹង​ទៅ​អាជ្ញាធរ ដើម្បី​ជួយ​សម្រួល កុំឱ្យ​ប៉ះពាល់​ដល់​ជិតខាង​»​។​

​សូមជម្រាបថា ជំពូក​ទី​៤ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈនៃ​ផ្នែក​ទី​១ ដែល​និយាយ​ពី​«​ភាពស្ងប់ស្ងាត់​» ត្រង់​មាត្រា​១៦បាន​ចែងថា ៖«​ការធ្វើសកម្មភាព​ប៉ះពាល់​ដល់​ភាពស្ងប់ស្ងាត់​ត្រូវ​ហាមឃាត់​ជាអាទិ៍​៖ ក​-​ការប្រើប្រាស់​ឧបករណ៍​បង្ក​ឱ្យឮ​សំឡេង​កងរំពង​ខ្លាំង​រំខាន​ដល់​អ្នកដទៃ​។  ខ​-​ការប្រើប្រាស់​ពាក្យសម្តី​ខ្លាំងៗ ឡូឡា ហ៊ោរ​កញ្ជ្រៀវ​រំខាន​អ្នកដទៃ​។ គ​-​ការធ្វើ​អាជីវកម្ម​បង្ក​ឱ្យឮ​សំឡេង​ខ្លាំង​រំខាន​អ្នកដទៃ​»​។​

​មាត្រា​១៧ ក៏​បានចែង​បន្ថែមថា​៖«​រាល់​សំឡេង​បង្ក​ឱ្យឮ​ខ្លាំង​រំខាន​អ្នកដទៃត្រូវ​បញ្ឈប់​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​១៤​រសៀល និង​ចាប់ពី​ម៉ោង​២២​យប់ដល់​ម៉ោង​៥​ព្រឹក លើកលែងតែ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។​

​បន្ថែមពីនេះទៅទៀតលោក អ៊ុក គឹម​លេខ បាន​សង្កត់ធ្ងន់ថា នៅពេលដែល​ច្បាប់​នេះ លេចចេញ​ជា​រូបរាង​នោះ ពលរដ្ឋ​អាច​រាយការណ៍​មក​អាជ្ញាធរ​បានបើសិន​ជាមាន​អ្នកណាម្នាក់​បង្ក​សំឡេង​ខ្លាំង​រំខាន​ខ្លួន លើសពី​ម៉ោង​១០​យប់​។ ព្រោះកន្លងមក មាន​ប្រជាពលរដ្ឋ​ខ្លះ បង្ក​សំឡេង​រំខាន​ដល់​អ្នកដទៃតាមរយៈ​ការចាក់​ធុងបាស់​ច្រៀង រាំ , កែច្នៃ​សំឡេង​ម៉ូតូ រថយន្ត ឱ្យឮ​សំឡេង​ខ្លាំង​ខុស​សំឡេង​ដើម , សំឡេង​កែច្នៃ​នៅ​កន្លែង​សិប្បកម្ម ជាពិសេស​ការដឹកជញ្ជូន និង​ទម្លាក់​ទំនិញ​នៅពេល​យប់​ជ្រៅ​ជាដើម​។​

​ដោយឡែក លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) ក៏បាន​បញ្ជាក់ដែរថា ការតាក់តែង​ច្បាប់​នេះ គួរតែមាន​ការបើក​ឱ្យមាន​កិច្ចប្រជុំ​ពិភាក្សា​មួយ ដើម្បីឱ្យ​ច្បាប់​នេះ​ចេញទៅ​ស្របតាម​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​បញ្ហា​ប្រជាពលរដ្ឋ​។​ «​ខ្ញុំ​ចង់ឱ្យមាន​ការជជែក​ពិភាក្សា​ឱ្យបាន​ទូលំទូលាយ​ដែរ​ជាមួយ​មនុស្ស​ទាំងឡាយ ជាពិសេស​ច្បាប់​នេះ ជា​ច្បាប់​មួយ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ អ៊ីចឹង​ចាំបាច់​ត្រូវ​ជជែក​ដេញ​ដោយ​សួរ ពិគ្រោះ​ជាមួយនឹង​ប្រជាពលរដ្ឋ ។​នេះ​ទី​១​។ទី​២​យើង​ត្រូវ​មើល​លើ​ទិដ្ឋភាព​នៃ​ការលើកឡើង​ទៅលើ​ចំណុច​មួយចំនួន ថា​តើ​ការឱ្យ​និយមន័យ​ហ្នឹង វា​មានការ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សង្គម ប្រពៃណី​ទំនៀមទម្លាប់​របស់​ពល​រដ្ឋ​កម្ពុជា​ដែរ​ទេ​»​។​

មិនតែប៉ុណ្ណោះអង្គការសង្គម​ស៊ីវិល ក៏បានចាត់ទុក​មាត្រា​នៃ​សេចក្តីព្រាងច្បាប់ ជា​ចំណុច​ល្អ​ក្នុងការ​អនុវត្ត​លើ​បញ្ហា​រំខាន​ទាំងអស់នេះ ប៉ុន្តែ​ត្រូវ​ទាមទារ​ឱ្យ​ប្រមូល​ធាតុ​ផ្សំ​ឱ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ការអនុវត្ត​មាន​ប្រសិទ្ធភាព​។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ​សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ កំពុង​ស្ថិតនៅ​ក្នុងការ​ស្ទង់​មតិ និង​កែតម្រូវ​បន្ថែម​ពី​មន្ត្រី​មូលដ្ឋាន​រាជធានី​-​ខេត្ត ដើម្បី​ប្រមូល​ធាតុ​ផ្សំ​ចូល​បន្ថែម មុននឹង​ឈានដល់​ការដាក់​ប្រជុំ​ពិគ្រោះ​យោបល់​អន្តរក្រសួង​ក្រសួង សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​ត្រង់ចំណុច​នេះ​រដ្ឋលេខា​ធិ​ការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ បាន​បញ្ជាក់ថា បើសិនជា​ខ្លឹមសារ​ក្នុង​សេចក្តីព្រាងច្បាប់ ត្រូវបាន​សម្រេច​យល់ព្រម​នោះ សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី​ពិនិត្យមុននឹង​បញ្ជូនទៅ​នីតិបញ្ញត្តិ​។ ប៉ុន្តែ​បើសិន​ជាមាន​មាត្រាឬ​ចំណុច​ណា ដែល​ត្រូវបាន​បដិសេធ​នោះ គឺ​នឹងត្រូវ​លុបចោល ឬ​កែសម្រួល​ឡើងវិញ​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ មាន​៨​ជំពូក និង​៤៨​មាត្រា​។​ចាប់ពី​មាត្រា​៣៨ ដល់​៤១ ក៏មាន​ចែង​អំពី​ទោសទណ្ឌ​ផងដែរ​។ តាម​មាត្រា​ទាំងនោះ ចែងថា អំពើ​ល្មើ​សនឹង​ច្បាប់​នេះ ត្រូវ​ផ្ដ​ន្តា​ទោស​ដោយ​ការព្រមាន ការពិន័យ​អន្តរការណ៍ ការដាក់វិន័យ​រដ្ឋបាល ឬ​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ ឬ​/​និង​ពិន័យ​ជា​ប្រាក់​។ ការពិន័យ​នីមួយៗ​ត្រូវ​អនុវត្តតាម​អនុក្រឹត្យ ,​តុលាការ ឬ​តាម​បទ​ប្ប​ញ្ញ​តិ និង​នីតិវិធី​ជា​ធរមាន​៕ដោយ៖ស តារា


ចែករំលែក៖