ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសុខភាពពិភពលោកអំពាវនាវដល់អន្តរជាតិសហការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖មកដល់វេលាម៉ោង​​៨យប់ថ្ងៃទី៧ ខែសីហា នៅទូទាំងពិភពលោក​មានករណីឆ្លងកូវីដ​-១៩ ដល់ទៅជាង​១៩,៣លាននាក់ ក្នុងនោះមានអ្នកស្លាប់ជិត​៧២០ពាន់នាក់​​។ អគ្គនាយកអង្គការសុខភាពពិភពលោកបានអំពាវនាវដល់ពិភពលោកទាំងមូល​សាមគ្គីគ្នាឆ្លងផុតពេលវេលាដ៏លំបាកនេះ។
ប្រទេសដែលមានអ្នកឆ្លងកូវីដ​-១៩ច្រើនជាង​១លាននាក់មានតែ​៣ប្រទេសប៉ុណ្ណោះ ​ក្នុងនោះមានអាមេរិក មានអ្នកឆ្លងជាង៥លាននាក់ និងស្លាប់ជាង​១៦២ពាន់នាក់ ។ ទីពីរគឺប្រទេសប្រេស៊ីល មានអ្នកឆ្លងជិត​៣លាននាក់ ហើយនិងស្លាប់ជាង​៩៨ពាន់នាក់​។ ប្រទេសទី​៣ដែលមានអ្នកឆ្លង​ដល់លាននាក់ដែរនោះគឺឥណ្ឌា​ ដោយមកទល់ពេលនេះមានអ្នកឆ្លងជាង​២លាននាក់ហើយ​និងស្លាប់​សរុប​ជាង​៤១ពាន់នាក់។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ឥណ្ឌាមានអ្នកឆ្លងច្រើនជាងគេបង្អស់ គឺមានដល់ទៅជាង៦២ពាន់នាក់​។
ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសឲ្យដឹងថា បើទោះបីមានចំនួនអ្នកឆ្លងកើនឡើងច្រើន ប៉ុន្តែ​ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩​មានតែ​២ភាគរយៈប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងគឺតិចជាងប្រទេសនានា។ ដោយឡែកអ្នកជាសះស្បើយវិញមានជាង៦៨ពាន់នាក់ ។
ឥណ្ឌាបានបិទប្រទេសតាំងពីខែមីនាមកទល់ខែឧសភា។ ក្រោយការបន្ថយការរឹតត្បិតធ្វើឲ្យឥណ្ឌាមានករណីឆ្លងកើនឡើងជាថ្មីវិញចាប់ពីខែមិថុនា មកទល់ពេលនេះ​។ ក្រោយមានអ្នកឆ្លងជាមធ្យមជាង​៥ម៉ឺននាក់ក្នុងមួយថ្ងៃ ឥណ្ឌាក៏បានសម្រេចបិទទ្វារសាលារៀន រហូតដល់ចុងខែសីហានេះ ៕ដោយ៖ធី រីណា


ចែករំលែក៖