ព័ត៌មានទាន់ហេតុការណ៍៖

ពេលមានភ្លៀងធ្លាក់ជារដូវផ្សិតក្ងោកនៅតាមព្រៃ

ចែករំលែក៖

ខេត្តរតនគិរី៖ ពេលរដូវភ្លៀងនេះធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោកនៅតាមព្រៃរបោះយកមកធ្វើជាអាហារ និងសល់អាចលក់ដូរខ្លះបន្ថែមចំណូលសម្រាប់ជីវភាពគ្រួសារ។ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវើនសៃសៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា៖ ក្នុងពេលធ្លាក់ភ្លៀងនារដូវវស្សា តំបន់ការពារធម្មជាតិមួយចំនួន បានផ្តល់ផលផ្សិតក្ងោក និងប្រភេទបន្លែព្រៃផ្សេងទៀត។ ផ្សិតដែលគាត់ដកបាន បានទុកសម្រាប់បរិភោគ និងសល់អាចលក់ទៅទីផ្សារក្រុងបាលុង គឺ១គីឡូក្រាមតម្លៃ ១០,០០០រៀលទៅ ១២,០០០រៀល ផងដែរ។ ក្រោយភ្លៀងធ្លាក់ជាប់គ្នា រយៈចាប់ពី២ឬ៣ថ្ងៃទៅ ប្រជាពលរដ្ឋស្រុកវើនសៃអាចរកបានផ្សិតក្ងោកបានក្នុងមួយគ្រួសារបានចន្លោះពី ៥ទៅ១០គីឡូក្រាម ហើយមួយថ្ងៃអ្នកស្រុករកបានសរុបទៅប្រមាណ៣០០ទៅ៥០០គីឡូក្រាមលក់នៅលើទីផ្សារ។ ផ្សិតក្ងោកនេះមានរសជាតិឆ្ងាញ់ណាស់ ដែលគេអាចយកវាទៅចម្អិនធ្វើម្ហូបដូចជា ឆា និងស្ងោរជាដើម។ 

មន្រ្តីបរិស្ថានខាងលើ បានអះអាងថា ៖  ធនធានធម្មជាតិនឹងប្រាកដកើតឡើងយ៉ាងសម្បូរបែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា នៅពេលមានការចូលរួម ការការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ៕

ដោយ៖ សិលា


ចែករំលែក៖