ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់ គេហទំព័រសារព័ត៌មានលើកទី៣ ស្ដីពី“ការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈសារព័ត៌មាន”

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ លោក ផុសសុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់ គេហទំព័រសារព័ត៌មានលើកទី៣ ស្ដីពីការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈសារព័ត៌មាន នៅទីស្តីការក្រសួង

លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍មានប្រសាសន៍ថាដោយសារតែមួយរយៈនេះ យើងសង្កេតឃើញថា ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក ចំពោះព័ត៌មានក្លែងក្លាយច្រើន ដូច្នេះយើងជាអ្នកសារព័ត៌មានដែលមានក្រមសីលធម៍ និងវិជ្ជាជីវៈត្រូវនាំគ្នាផ្សាយព័ត៌មានការពិត ដើម្បីប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ខណៈដែលជនឆ្លៀតឱកាសមួយចំនួនតែងតែកាត់តរូបភាព ឬក៏សរសេរខ្លឹមសារផ្ទុយពីការពិតយកទៅបង្ហោះក្នុងបណ្ដាញសង្គមផ្សេងៗ ទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ភ័ណច្រលំ  និងបង្កភាពអសន្តិសុខដល់សង្គមផងដែរ

គួរបញ្ជាក់ថា កន្លងទៅ លោក ផុស សុវណ្ណ  ក៏បានគូសបញ្ជាក់ក្នុងកម្មវិធីបើសម្ពោធសៀវភៅវិជ្ជាជីវៈសារព័ត៌មានថា៖ សៀវភៅវិជ្ជាជីវៈសារព័ត៌មានដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិតគឺមានសារៈសំខាន់ណាស់ជាពិសេសចំពោះអ្នកសារព័ត៌មាននៅកម្ពុជា។ បន្ថែមពីនេះទៅទៀតលោកថា សៀវភៅនេះនឹងជួយពន្យល់និងបកស្រាយបន្ថែមពីនិយមន័យនៃដំណឹងក្លែងក្លាយនិងព័ត៌មានមិនពិតដល់អ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋទូទៅបានយល់ដឹងកាន់តែច្បាស់

ដោយឡែក លោក ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងសោតទស្សន៍ក៏បានលើកឡើងក្នុងការស្វែងយល់ពីច្បាប់របបសារព័ត៌មាន និងវិជ្ជាជីវៈក្នុងការសរសេរអត្ថបទផងដែរ ដោយលោក សង្កត់ធ្ងន់ថា ចំពោះអ្នកសារព័ត៌មានទាំងអស់ មានតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានការពិតជាពិសេសគឺជំរុញលើកទឹកចិត្តឲ្យសិក្សាស្វែងយល់អំពីច្បាប់របបសារព័ត៌មាន មុននឹងចេញផ្សាយ ឬការឡាយវិដេអូ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលងាយនិងប៉ះផលដល់សិទ្ធិអ្នកដទៃផងដែរ

ដោយ៖ស តារា


ចែករំលែក៖