ខេត្តស្ទឹងត្រែង៖ កសិករនៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងនបង្កើនការងារបង្កបង្កើនផលជាបន្តបន្ទាប់ មិនរង់ចាំទឹកភ្លៀងទេ ដើម្បីប្រមូលផលបានទាន់រដូវព្រោះខ្លាចនៅចុងរដូវអាកាសធាតុមានប្រែប្រួលបង្កផលប៉ះពាល់ដូចឆ្នាំកន្លងទៅ។
លោក សៅ គឹមសេង កសិករនៅភូមិ ឃុំកំភុន ស្រុកសេសាន បានបញ្ជាក់ថា ៖ នៅតំបន់នេះពុំមានប្រភពទឹកសម្រាប់ស្រោចស្រពស្រូវទេ ព្រោះជារៀងរាល់ឆ្នាំ នៅចុងរដូវ ពេលខ្លះអាចរងផលប៉ះពាល់ពីភាពរាំងស្ងួតថែមទៀត។
លោកបន្តថា៖ នៅឆ្នាំនេះកសិករបានរួសរាន់ធ្វើការងារបង្កបង្កើនផល គឺបងប្អូនយើងខ្លះបានភ្ជួររាស់ដី ហើយរាស់សំអាតស្មៅ (ព្រួសស្រូវយកតែម្តង)ដោយមិនរង់ចាំពេលវេលាមានទឹកភ្លៀងឡើយ ។
លោក ស្រី សុផល្លា កសិករនៅភូមិឃុំនេះដែរ បានអះអាងថាកាលពីឆ្នាំ២០១៩ទឹកភ្លៀវបានអូសបន្លាយបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម ធ្វើឱ្យកសិករមួយចំនួនធ្វើការងារបង្កបង្កើនមិនទាន់រដូវ ខ្លះត្រូវខកខានមិនបានធ្វើក៏មាន ហើយខ្លះទៀតត្រូវទឹកទន្លេមេគង្គជន់លិចខូចខាតបន្ថែមទៀត ។ ចំណែកលោក ងី ប៊ុនឡាយ កសិករនៅឃុំកំភុនបាន ទទួលស្គាល់ថា ៖ អ្នកប្រកបមុខរបរកសិកម្មបើខ្វះការព្យាយាមមិនទទួលបានជោគជ័យទេ ព្រោះភូមិសាស្ត្រនៅតាមតំបន់ក្នុងស្រុកសេសាននេះ ជួនកាលមានទឹកលិច ពេលខ្លះមានភាពរាំងស្ងួត បង្កឱ្យផលដំណាំខូចខាតចំណាយតែកំលាំងចោលក៏មានដែរ ។
លោកបន្តថា៖បច្ចុប្បន្នកសិករភាគច្រើនបានអនុវត្តការដាំដុះទៅតាមលក្ខណៈបច្ចេកទេសដែលផ្នែកជំនាញកសិកម្មបានណែនាំ ដូចជាការជ្រើសរើសពូជ ការធ្វើដី ការប្រើជីធម្មជាតិ និងការថែទាំជាដើម ហើយនៅឆ្នាំ២០២០នេះកសិករភាគច្រើនប្រើពូជស្រូវរំដួល ជាស្រូវកណ្តាល ឬស្រូវស្រាលវាឆាប់ទទួលបានផល។
សូមបញ្ជាក់ថាគិតមកដល់ថ្ងៃទី១១សីហាឆ្នាំ២០២០កនេះ សិករតាមបណ្តាភូមិឃុំនីមួយៗនៅខេត្តស្ទឹងត្រែងបង្កបង្កើានស្រុវរដូវវស្សាសម្រេចបានប្រមាណ៨០ភាគរយហើយ ៕
ប្រភព៖ ក្រសួងព័ត៌មាន