អន្តរជាតិ៖ ចាប់តាំងពីឆ្នាំ២០១៧ មកទល់ពេលនេះ អុីស្រាអែលបានបាញ់ប្រហារដោយមីស៊ីលរហូតដល់ទៅ៤២០០គ្រាប់ទៅលើទីតាំងជាង១០០០កន្លែងនៅក្នុងប្រទេសស៊ីរី ហើយបំផ្លាញប្រព័ន្ធការពារដែនអាកាសដល់ទៅ១ភាគ៣ក្នុងរដ្ឋធានី Damascus។
តាមសារព័ត៌មាន Haaretz បានផ្សាយថា ចាប់តាំងពីឆ្នាំ២០១៧មកទល់ពេលនេះទាហានអ៊ុីស្រាអែលបានបាញ់មីស៊ីលទៅលើគោលដៅក្នុងប្រទេសស៊ីរី ជាង១ពាន់កន្លែង។ គោលដៅនៃការវាយប្រហារនោះគឺដើម្បីរារាំងអុីរ៉ង់ បង្កើតទីតាំងយោធានៅក្នុងប្រទេសស៊ីរី ក៏ដូចជាបំផ្លាញប្រព័ន្ធមីស៊ីលរបស់ក្រុមទាហាន Hezbollah។ប៉ុន្តែ រដ្ឋាភិបាលអ៊ុីស្រាអែលមិនដែលទទួលស្គាល់ពីការបាញ់មីស៊ីលនៅស៊ីរីនោះឡើយ។
ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះអុីស្រាអែលបានបាញ់មីស៊ីលដល់ទៅ៤២០០ដើម គឺច្រើនជាងទ្វេដងក្នុងអំឡុងពេលឆ្នាំ២០១០ ដល់ឆ្នាំ២០១៣។ ប៉ុន្តែ មីស៊ីលជាច្រើនរបស់អ៊ុីស្រាអែលត្រូវប្រព័ន្ធមីស៊ីលការពាររបស់ស៊ីរីវាយប្រហារកម្ទេចជាច្រើនគ្រាប់ផងដែរ។
តាមសារព័ត៌មាន Haaretz បានផ្សាយថា រុស្ស៊ីនិងអុីរ៉ង់ ក៏បានបញ្ជូនប្រព័ន្ធមីស៊ីលការពារជាច្រើនទៅកាន់ស៊ីរី ដើម្បីទប់ស្កាត់ការវាយប្រហារពីអុីស្រាអែល និងកម្លាំងទាហានសុីរីដែលគាំទ្រដោយអាមេរិក។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ស៊ីរី គឺជាទីតាំងដើម្បីប្រទេសមហាអំណាចក្នុងតំបន់សាកល្បងអាវុធរបស់ខ្លួន ក្នុងនោះមានអាមេរិក រុស្ស៊ី អុីរ៉ង់ និងអុីស្រាអែល។ ចំណែកស៊ីរី គឺជាជនរងគ្រោះ ជាទីលានសាកល្បងអាវុធបង្ហាញពីឥទ្ធិពលរបស់ប្រទេសមហាអំណាច៕ដោយ៖ធី រីណា