ប្រទេសឡាវ៖ ការឆ្លងរាលដាលកូវីដ-១៩ បានផ្ទុះឡើងជាថ្មីនៅលើពិភពលោក ក្រោយការគ្រប់គ្រងបានជាច្រើនថ្ងៃច្រើនខែមិនមានអ្នកឆ្លង ក្នុងនោះមានទាំង កម្ពុជា វៀតណាម ឡាវ … និងប្រទេសតំបន់ជាច្រើនផ្សេងទៀត។ ប៉ុន្តែការឆ្លងរាលដាលជាលើកទីពីរនេះ បានធ្វើឲ្យមនុស្សជាច្រើនឆ្លងកូវីដ-១៩ ហើយនៅក្នុងប្រទេសវៀតណាម ករណីឆ្លងលើកទីមួយមិនមានអ្នកឆ្លងឡើយ តែនៅលើកទីពីរមានអ្នកស្លាប់២១នាក់ហើយ មកទល់ពេលនេះ។
ចំពោះឡាវ ជាប្រទេសមិនមានអ្នកឆ្លងរយៈពេល១២០ថ្ងៃហើយ ពេលនេះក៏រកឃើញអ្នកឆ្លង២នាក់ផងដែរ។ តាមសារព័ត៌មានស៊ីនហួ នៅរសៀល ទី១៤ ខែសីហា ឆ្នាំ២០២០បានផ្សាយថា មន្ត្រីសុខាភិបាលឡាវបញ្ជាក់ថា មានករណីឆ្លងកូវីដ-១៩ ថ្មីៗចំនួន២នាក់ទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះកើនដល់ ២២ករណី។
លោក ភូថុន មឿងប៉ាក់ (Phouthone Meaungpak) រដ្ឋលេខាធិការក្រសួងសុខាភិបាលឡាវបានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរដ្ឋធានីវៀងចន្ទន៍នាថ្ងៃ១៤ខែសីហាថា ករណីថ្មីៗនេះគឺជាជនជាតិឡាវ ដែលបានវិលត្រឡប់មកពីបរទេសកាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ។ ករណីផ្ទុកកូវីដ-១៩ទាំងពីរនាក់ខាងលើនេះ គឺជាបុរសម្នាក់អាយុ ៣០ឆ្នាំ និងស្ត្រីម្នាក់អាយុ ២៥ឆ្នាំ ដែលបានធ្វើតេស្តវិជ្ជមាននៅមណ្ឌលធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាព (Mittaphab) ទីក្រុងវៀងចន្ទន៍។
ឡាវរកឃើញករណីឆ្លងដំបូង នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២០ រហូតមកដល់ពេលនេះ ទើបតែមានអ្នកឆ្លង២២នាក់ប៉ុណ្ណោះ។ ទាំងនេះគឺជាការខិតខំទប់ស្កាត់បានល្អប្រសើររបស់រដ្ឋាភិបាលឡាវ៕ដោយ៖ធី រីណា